អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចោទប្រកាន់ជនសង្ស័យចំនួន ០២នាក់ ជាគ្រូពេទ្យ ពាក់ព័ន្ធករណី ចាក់ថ្នាំខុស បច្ចេកទេសបណ្តាលឱ្យអ្នកជំងឺស្លាប់ និងបានយកសពជនរងគ្រោះ ព្រមទាំងក្មេងស្រី អាយុ ៣ឆ្នាំទៅទម្លាក់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្រុកបាទី ខេត្តតាកែវ។
នៅថ្ងៃកើតហេតុ ឈ្មោះ ស៊ុន ម៉ារីណា បានទទួលព្យាបាលជនរងគ្រោះឈ្មោះ ណាំ ចាន់ធូ ភេទស្រី អាយុ ៤១ឆ្នាំ ដោយប្រើថ្នាំចាក់។ នៅពេលចាក់ថ្នាំជនរងគ្រោះបានបន្តិច ស្រាប់តែថ្នាំមានប្រតិកម្ម បណ្តាលឱ្យឈ្មោះ ណាំ ចាន់ធូ ស្លាប់ភ្លាមៗតែម្តង។
បន្ទាប់ពីអ្នកជំងឺបានស្លាប់ អ្នកទាំងពីរបានដឹកសពជនរងគ្រោះ និងក្មេងស្រីម្នាក់អាយុ ៣ឆ្នាំ ត្រូវជាក្មួយរបស់សពទៅទម្លាក់ចោលនៅចំណុចគុម្ពព្រៃសង្កែ។
ក្រោយពីបានសាកសួរជនសង្ស័យ និងពិនិត្យភស្តុតាងនានា តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ចំនួន ៤ បទ ល្មើស រួមមាន៖
- មនុស្សឃាតដោយអចេតនា តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ
- បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល តាមមាត្រា២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
- បទ លាក់បំបាំងសាកសព
- បទ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ
ដោយឡែកលោក ហៀង សុងហាក់ ត្រូវបានចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មាន អាជ្ញាប័ណ្ណ, បទ សមគំនិតក្នុងអំពើលាក់បំបាំងសាកសព និង បទ សមគំនិតក្នុងអំពើទារុណកម្ម និង អំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ៕











