សហរដ្ឋអាមេរិក៖ ថ្មីៗនេះក្រុមហ៊ុន Coca-Cola បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ជាមួយនឹងការផ្សាយពាណិជ្ជកម្មដោយប្រើ AI ជាបន្តបន្ទាប់។
Coca-Cola គឺជាក្រុមហ៊ុនដ៏ធំ និងល្បីល្បាញបំផុតទូទាំងពិភពលោក តែងតែផ្សព្វផ្សាយប្រមូតផលិតផលរបស់ខ្លួននៅថ្ងៃបុណ្យណូអែល ដែលយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនភាគច្រើនផ្តោតទៅលើ ការជួបជុំគ្រួសារដ៏កក់ក្តៅ វេទមន្ត និងការរួមគ្នា។.png)
ទោះជាយ៉ាងណាក្នុងរដូវកាលបុណ្យណូអែលនេះ ក្រុមហ៊ុន Coca-Cola បានកំពុងរងការរិះគន់យ៉ាងចាស់ដៃចំពោះការប្រើប្រាស់ AI ដើម្បីផលិតវីដេអូផ្សព្វផ្សាយជាបន្តបន្ទាប់ ខណៈក្រុមហ៊ុននេះគឺជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេ បែរជាផលិតវីដេអូ AI ទាំងស្រុងទៅវិញ។ យើងដឹងហើយថា បច្ចុប្បន្ន AI គឺមានការពេញនិយមខ្លាំងណាស់ ប៉ុន្តែសម្រាប់អាជីវកម្មតូចតាច គេប្រើវាដើម្បីអស់ថវិការតិច ចំណែក Coca-Cola ដែលជាក្រុមហ៊ុនធំ ស្រាប់តែប្រើ AI ដែរ ហើយចុះបុគ្គលិក និងតារាល្បីៗជាច្រើននាក់ទៀត មិនជួលមកផ្សាយពាណិជ្ជកម្មទៅ?
លើសពីនេះវីដេអូ AI ដែលក្រុមហ៊ុនបានចាក់ផ្សាយនៅលើ YouTube គឺជាវីដេអូកាលពីឆ្នាំ ១៩៩៥ ដែលក្រុមហ៊ុនយកមករំលឹកឡើងវិញ ផលិតជាវីដេអូ AI ចាក់ផ្សាយម្តងទៀត ដែលនេះធ្វើឱ្យមនុស្សជាច្រើនមានការមិនពេញចិត្ត។ អ្នកទាំងនោះបានរិះគន់ថា វីដេអូនេះកន្លងផុតយូរហើយ បច្ចុប្បន្នមានវីដេអូថ្មីៗជាច្រើនដែលត្រូវបង្ហាញ ហេតុអ្វីបានជាក្រុមហ៊ុនមិនមានការអាប់ដេតអ៊ីចឹង?
អ្នកខ្លះថា ការផលិតជាវីដេអូ AI ហាក់មិនមានភាពទាន់សម័យ និងគ្មានភាពទាក់ទាញសោះ។ អ្នកខ្លះទៀតក៏ថា ក្រុមហ៊ុនមិនឱ្យតម្លៃមនុស្ស បែរជាឱ្យតម្លៃ AI ជាង មានន័យថា បច្ចេកវិទ្យាថ្មីទាញយកអត្ថប្រយោជន៍ពីផលិតផលដែលមានស្រាប់ដើម្បីសំយោគអ្វីដែលថ្មី ហើយនោះមិនមែនជាការច្នៃប្រឌិតនោះទេ។
ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែល Coca-Cola បានអនុវត្ត AI ក្នុងការផ្សាយពាណិជ្ជកម្ម។ កាលពីឆ្នាំមុន ក្រុមហ៊ុន Coca-Cola បានសហការជាមួយ OpenAI និងបានចេញវីដេអូខ្លីមួយដែលមានចំណងជើងថា “Masterpiece” ហើយទទួលបានការសរសើរជាច្រើនសម្រាប់ទាំងខ្លឹមសារដែលបានបញ្ជូន និងបច្ចេកទេសដែលបានប្រើប្រាស់៕










