នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ចៅក្រមជំនុំជម្រះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងលោក នី ណាក់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង”។

តុលាការ បានសម្រេចផ្ដន្ទាទោស លោក នី ណាក់ ម្ចាស់ទំព័រហ្វេសប៊ុក Iman KH ដាក់ពន្ធនាគារ ២ឆ្នាំ ពិន័យ៣លានរៀល និងឱ្យសងជម្ងឺចិត្តដើមបណ្ដឹងចំនួន២០០លានរៀល ក្រោយលោក នី ណាក់ បរិហារកេរ្ដិ៍ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នរដ្ឋ នៅអំឡុងចុងឆ្នាំ២០២៣។

កាលនោះ លោក នី ណាក់ បានផ្សព្វផ្សាយថា៖”មានការកាត់ដីចំនួន ១០០ ហិកតានៅខេត្តកំពត ផ្តល់ទៅឱ្យលោក ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនោះទេ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការងារ បានចេញមកបំភ្លឺថា ឈ្មោះ ហេង សួរ ដែលទទួលបានដី១០០ហិកតា នៅខេត្តកំពតនោះ មិនមែនជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារឡើយ”។

គួររម្លឹកថា លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារ កាលពីឆ្នាំ២០២០ម្តងរួចមកហើយ អស់រយៈពេល១៨ខែ ក្រោមបទចោទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ”៕