សហព័ន្ធអារ៉ាប់រួម៖ ក្រុមហ៊ុន Emirates Mint បានបង្កើតកំណត់ត្រាថ្មីសម្រាប់ដុំមាសដ៏ធំបំផុតរបស់ពិភពលោក ជាមួយទម្ងន់ ៣០០.១២ គីឡូក្រាមដើម្បីជាកិត្តិយសដល់បេតិកភណ្ឌរបស់ UAE ។
ដុំមាសដែលផលិតដោយរោងចក្រ Emirates Mint Factory (EMF) បានទទួលងារជាដុំមាសដ៏ធំបំផុតក្នុងពិភពលោកដោយអង្គការកំណត់ត្រាពិភពលោក Guinness កាលពីថ្ងៃទី ១០ ខែវិច្ឆិកា នៅមជ្ឈមណ្ឌល Jaffza One Convention Center ទីក្រុងឌូបៃ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អារ៉ាប់រួម។
ដុំមាសទម្ងន់ ៣០០.១២ គីឡូក្រាម បានបំបែកកំណត់ត្រាមាស ២៥០ គីឡូក្រាម របស់ក្រុមហ៊ុន Mitsubishi ដែលផលិតកាលពីប៉ុន្មានឆ្នាំមុន។ ក្រុមហ៊ុន Emirates Mint មានមហិច្ឆតាក្នុងការបង្កើតកំណត់ត្រានេះជាច្រើនឆ្នាំមកហើយ ដោយឥឡូវនេះពួកគេក៏បានជោគជ័យក្នុងការផលិតមាសធំជាងគេ ដែលការផលិតនេះមានគោលបំណងដើម្បីគោរពដល់បេតិកភណ្ឌរបស់ UAE និងបង្ហាញពីការដឹងគុណចំពោះការគាំទ្រដែលពួកគេបានទទួល។

ពួកគេបាននិយាយថា ការផលិតដុំមាសដ៏ធំបំផុតរបស់ពិភពលោកបានបង្ហាញពីមហិច្ឆតា និងឧស្សាហកម្មពិសេសនៃក្រុមហ៊ុនចម្រាញ់មាសនៅក្នុង UAE ដោយបានរួមចំណែកដោយជោគជ័យដល់សន្និសិទលោហៈដ៏មានតម្លៃនៅក្នុងទីក្រុងឌូបៃឆ្នាំនេះ។.jpg)
ក្រុមហ៊ុន EMF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដែលមានទីតាំងនៅសួនឧស្សាហកម្ម Al Quoz ក្នុងទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម។ យោងតាមព័ត៌មាននៅលើគេហទំព័ររបស់ក្រុមហ៊ុន EMF ដំណើរការរោងចក្រចម្រាញ់មាសទំនើបគឺមានសមត្ថភាពផលិតមាស និងប្រាក់ពី ១,០០០ ទៅ ១,២០០ គីឡូក្រាមក្នុងមួយថ្ងៃ៕










