ប្រទេសអ៊ីតាលី ៖ អ៊ីតាលីបានប្រកាសពីគម្រោងគួរឱ្យចាប់អារម្មណ៍មួយ មុនពេលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតី គឺពលរដ្ឋអាមេរិកណាដែលពុំចង់ស្ថិតក្រោមការគ្រប់គ្រង ឬធុញនឹងប្រធានាធិបតីថ្មី ពួកគេអាចមកទិញផ្ទះនៅតំបន់ជនបទប្រទេសអ៊ីតាលី ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
.png)
ភូមិជនបទក្នុងទីក្រុង Ollolai ប្រទេសអ៊ីតាលី បានបង្កើតគម្រោងពិសេសសម្រាប់ពលរដ្ឋអាមេរិកគ្រប់រូបដែលកំពុងស្វែងរកទីលំនៅថ្មី និងចាកចេញពីអាមេរិកដោយសារធុញទ្រាន់នឹងលោក Trump ឈ្នះការបោះឆ្នោត ហើយលោកនឹងកាន់តំណែងជាប្រធានាធិបតីម្តងទៀត គឺពលរដ្ឋអាមេរិកអាចមកទិញផ្ទះនៅភូមិនេះ ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ។ ប៉ុន្តែម្ចាស់ផ្ទះថ្មីនឹងចំណាយប្រាក់ជួសជុល និងតុបតែងផ្ទះដោយខ្លួនឯងមុនពេលរស់នៅ ។

ទីក្រុង Ollolai ស្ថិតនៅលើកោះ Sardinia របស់អ៊ីតាលីមានទេសភាពស្រស់ស្អាតបែបធម្មជាតិ និងស្ថិតនៅឆ្ងាយពីទីក្រុងរ៉ូម ទៅកាន់ភាគអាគ្នេយ៍ ប្រមាណ៤៣៦គីឡូម៉ែត្រ ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ចំនួនពលរដ្ឋរស់នៅទីក្រុងបានធ្លាក់ចុះជាបន្តបន្ទាប់ ទើបរដ្ឋាភិបាលអ៊ីតាលីព្យាយាមលើកទឹកចិត្តជនបរទេសមករស់នៅទីនេះដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់ ។
លោក Francesco Columbu អភិបាលក្រុង Ollolai និយាយថា លោកបានជ្រាបពីលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងមក ទើបប្រកាសពីគម្រោងលក់ផ្ទះនៅអ៊ីតាលីក្នុងគេហទំព័ររបស់ទីក្រុង ។ តើពលរដ្ឋអាមេរិកធុញទ្រាន់នឹងនយោបាយ មែនទេ? បើកំពុងស្វែងរកទីកន្លែងរស់នៅថ្មី ពួកគេអាចមករស់នៅតំបន់ជនបទមានបរិយាកាសស្ងប់ស្ងាត់ ថែមទាំងមានអាហារឆ្ងាញ់ៗ ។.png)
អភិបាលក្រុង Ollolai ប្រកាសពីគម្រោងលក់ផ្ទះតម្លៃពិសេសសម្រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែលោកពុំបានហាមឃាត់ពលរដ្ឋប្រទេសផ្សេងទេ ។ បើពលរដ្ឋប្រទេសផ្សេងចាប់អារម្មណ៍ ពួកគេអាចមករស់នៅអ៊ីតាលីបានដូចគ្នា ប៉ុន្តែពលរដ្ឋអាមេរិកនឹងទទួលបានសិទ្ធិពិសេសកាត់បន្ថយលក្ខខណ្ឌផ្សេងៗពេលទិញផ្ទះ ។ លោកសង្ឃឹមថា ពលរដ្ឋអាមេរិកមកទិញផ្ទះនៅអ៊ីតាលី នឹងអាចជួយជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន ។
លោក Francesco បញ្ជាក់ថា ក្រៅពីការលក់ផ្ទះតម្លៃត្រឹមតែ១ដុល្លារហើយ អ៊ីតាលីនៅមានលក្ខខណ្ឌចំនួន២ទៀត សម្រាប់ពលរដ្ឋអាមេរិក គឺ ៖ ១-ពួកគេអាចទិញផ្ទះមានគ្រឿងសង្ហារិម ក្នុងតម្លៃ១០ម៉ឺន៥ពាន់ដុល្លារអាមេរិក និង២-ផ្ទះស្នាក់នៅបណ្តោះអាសន្ន គឺពួកគេអាចរស់នៅដោយពុំចំណាយប្រាក់អ្វីទាំងអស់ ហើយវាស័ក្តិសមសម្រាប់អ្នកចង់ផ្លាស់ប្តូរបរិយាកាស ឬធ្វើការក្រៅការិយាល័យ (Work From Everywhere) ៕










