ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលជប៉ុនមានគ្រោងអនុវត្តគោលនយោបាយចែកប្រាក់ដល់ពលរដ្ឋមានចំណូលតិច ស្មើជាង១៧៦ដុល្លារអាមេរិកក្នុង១គ្រួសារ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ ។ ក្រៅពីនេះ រដ្ឋាភិបាលក៏មានគម្រោងទប់ស្កាត់តម្លៃប្រេងឥន្ធនៈកុំឱ្យកើនឡើងផងដែរ ។.png)
តាមប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ឱ្យដឹងថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba មានគម្រោងចែកប្រាក់ពលរដ្ឋមានចំណូលតិច ក្នុង១គ្រួសារស្មើជាង១៧៦ដុល្លារអាមេរិក និងចែកប្រាក់ដល់កុមារកើតក្នុងគ្រួសារមានចំណូលតិច ស្មើចំនួន១៣២ដុល្លារអាមេរិក ។
ការប្រកាសចែកប្រាក់ដល់ពលរដ្ឋមានចំណូលតិច គឺស្របពេលពលរដ្ឋជប៉ុននៅតែប្រឈមនឹងការចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃជាបន្តបន្ទាប់ ព្រមទាំងតម្លៃថាមពលកើនឡើង ។ ក្រៅពីនេះ មានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលជប៉ុនក៏មានគម្រោងជួយប្រាក់ឧបត្ថម្ភពលរដ្ឋថ្លៃហ្គាស និងអគ្គិសនី រហូតដល់ខែមីនា ឆ្នាំ២០២៥ ព្រមទាំងទប់ស្កាត់តម្លៃប្រេងសាំងកុំឱ្យកើនឡើង ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក រដ្ឋាភិបាលជប៉ុនបានចំណាយប្រាក់ចំនួន ១១លានលានយ៉េន ដើម្បីជួយកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋ ដោយសារតម្លៃទំនិញ និងប្រេងឥន្ធនៈកើនឡើង ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានពិចារណាពីគោលនយោបាយជំរុញសេដ្ឋកិច្ចឱ្យរួចរាល់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគោលនយោបាយនេះអាចផ្លាស់ប្តូរអាស្រ័យលើការពិភាក្សាជាមួយគណបក្សប្រឆាំង ។

កន្លងមក នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងមកកាន់មន្ត្រីជាន់ខ្ពស់របស់គណបក្សសេរីប្រជាធិបតេយ្យ Liberal Democratic Party (LDP) ថា លោកចង់ជំរុញសេដ្ឋកិច្ចជាតិ និងស្វែងរកថវិកាបន្ថែមសម្រាប់ចំណាយនៅចុងខែវិច្ឆិកានេះ ។ ជំហ៊ានដំបូង លោកនឹងចែកប្រាក់ដល់យុវជនអាយុមិនលើស១៨ឆ្នាំ ដោយមិនគិតពីចំណូលក្នុងគ្រួសារ ប៉ុន្តែសមាជិកគណបក្សចង់ឱ្យកំណត់ចំណូលក្នុងគ្រួសារ ។
ពលរដ្ឋជប៉ុនដែលទទួលបានប្រាក់ពីរដ្ឋាភិបាល ពួកគេអាចចំណាយទិញទំនិញផ្សេងៗតាមតម្រូវការ ប៉ុន្តែវាជាគោលនយោបាយរយៈពេលខ្លី និងអាចជួយដោះស្រាយបញ្ហាក្រីក្ររបស់ពលរដ្ឋបានតែមួយរយៈប៉ុណ្ណោះ ៕










