នៅវេលាម៉ោង០៩យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីបាញ់ប្រហារប្តីប្រពន្ធ២នាក់ឱ្យរបួសធ្ងន់ ស្ថិតនៅក្នុងបរិវេណផ្ទះជួលមួយកន្លែង ផ្លូវលំ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា៖” ជនរងគ្រោះ និងជនសង្ស័យជាអ្នកជួលបន្ទប់ជាប់គ្នា ហើយមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌា មកដល់បន្ទប់ក្នុងស្ថានភាពស្រវឹងទាំងពីរនាក់ និងបានធាក់ទ្វារបន្ទប់ ហើយស្រែកជេ ដោយប្រើពាក្យសំដីមិនសមរម្យ ខណៈជនសង្ស័យជានគរបាលកំពុងអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់។
បន្ទាប់មកជនសង្ស័យ ក៏បានហៅម្ទាស់ផ្ទះជួលអោយជួយមកមើល ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ស្រែកជេ និងបានប៉ះពាក្យសម្តីគ្នា ធ្វើឱ្យជនសង្ស័យយកកាំភ្លើងចេញមកក៏បាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ រងរបួសដេកដួលមុខបន្ទប់ទាំង២នាក់ប្តីប្រពន្ធ។
ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី បានចុះមកដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានលើកឡើងថា៖” ជនរងគ្រោះមកពីផឹកស៊ីស្រវឹងបានជេទៅលើជនសង្ស័យ ដោយមិនមានមូលហេតុ ហើយបានរករឿងជនសង្ស័យដល់ក្នុងបន្ទប់ ទេីបជនសង្ស័យខឹងក៏បានទាយកាំភ្លើងបាញ់ទៅលើជនរងគ្រោះប្រាកដមែន”៕










