មហាសេដ្ឋី Jack Ma សហស្ថាបនិកនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Alibaba ធ្លាប់ជាបុរសមានបំផុតនៅក្នុងប្រទេសចិន និងជាពាណិជ្ជករជោគជ័យបំផុតម្នាក់នៅក្នុងពិភពលោក បានផ្តល់ដំបូន្មានថា ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន សូមកុំប្រើទម្លាប់ទាំងនេះឱ្យសោះ។
ទម្លាប់ទីមួយគឺការប្រើលេស ឬដោះសារ៖ មនុស្សប្រភេទនេះតែងតែរកលេសបន្ទាប់ពីបរាជ័យ។ ភាពបរាជ័យរបស់ពួកគេ គឺដោយសារទេវតា ព្រហ្មលិខិត និងកាលៈទេសៈ ប៉ុន្តែពួកគេមិនដែលគិតថាវាកើតឡើងដោយសារខ្លួនគេនោះទេ ដូច្នេះពេលជួបនឹងការលំបាក គេនឹងជ្រើសរើសយកការបោះបង់ ជាហេតុធ្វើឱ្យពួកគេក្រីក្ររហូត។
នេះបើតាមសម្តី Jack Ma មនុស្សមានទេពកោសល្យពិតប្រាកដមិនដែលរកលេសដោះសារនោះឡើយ។ ពួកគេតែងតែរិះគន់ខ្លួនឯង ហើយសង្ឃឹមថាពួកគេនឹងទទួលបាននូវបទពិសោធន៍ថ្មីទាំងស្រុង ហើយបន្ទាប់មកងើបឡើងវិញ។ ពួកគេហ៊ានសារភាពនូវអ្វីដែលខ្លួនបានធ្វើខុស ប៉ុន្តែមិនអាចបន្ទោសអ្នកដទៃបានទេ។
មហាសេដ្ឋីវ័យ ៦០ ឆ្នាំរូបនេះបានចែករំលែកទៀតថា ទម្លាប់ទីពីរដែលធ្វើឱ្យមនុស្សក្រីក្រគឺដោយសារភាពខ្ជិល និងការត្អូញត្អែរ ទួញសោក៖ មនុស្សជាច្រើនតែងតែត្អូញត្អែរ ស្តីបន្ទោស និងច្រណែនថាហេតុអ្វីបានជាពួកគេនៅតែក្រ ហើយមិនអាចជោគជ័យបាន។ ពួកគេតែងតែស្តីបន្ទោសគ្រប់បែបយ៉ាង សម្លឹងមើលអ្នកដទៃដោយចិត្តច្រណែនឈ្នានីស។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលលែងមានអ្នកស្តាប់ភាពត្អូញត្អែរ ទួញសោករបស់គាត់ គាត់នឹងបាត់បង់ការទុកចិត្ត និងការអាណិតស្រឡាញ់ពីមនុស្សគ្រប់គ្នា ហើយនឹងបាត់បង់ឱកាសដើម្បីទទួលបានការគាំទ្រក្នុងអាជីពការងារផងដែរ។
ចំណុចទីបីគឺគ្មានគោលដៅជីវិតច្បាស់លាស់៖ Jack Ma បាននិយាយថា មនុស្សគ្មានគោលដៅជីវិតច្បាស់លាស់អាចធ្វើឱ្យពួកគេរស់នៅពិបាក និងក្រីក្រ ដោយសារតែពួកគេអាចជាមនុស្សខិតខំប្រឹងប្រែងដែរ ប៉ុន្តែខំដោយគ្មានហេតុផលច្បាស់លាស់ គិតតែពីខំធ្វើដោយពុំមានលទ្ធផលអ្វីសោះ ដូច្នេះដើម្បីឱ្យជីវិតយើងប្រសើរឡើងទៅមុខ អ្នកគួរមានគោលដៅក្នុងជីវិតឱ្យបានច្បាស់លាស់៕










