ប្រទេសចិន៖ Yangtze គឺជាទន្លេដែលវែងជាងគេបំផុតនៅអាស៊ី ស្ថិតក្នុងប្រទេសចិន និងជាកន្លែងសម្បូរត្រីចម្លែកៗ និងកម្រៗជាច្រើនរស់នៅ។
ថ្មីៗនេះពលរដ្ឋចិនបានប្រទះឃើញត្រីដ៏កម្រមួយក្បាល ត្រូវបានគេស្គាល់ថា Sturgeon ជាមួយទំហំមធ្យម គឺជាប្រភេទត្រីដែលជិតផុតពូជ ស្រាប់តែបានបង្ហាញខ្លួននៅលើទន្លេ Yangtze បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ការរកឃើញដ៏អស្ចារ្យនេះបានបញ្ជាក់ថា ត្រីដ៏កម្រមួយប្រភេទនេះមិនទាន់ផុតពូជនោះទេ ទោះជាយ៉ាងណាកាលពីឆ្នាំ២០២២ ត្រីនេះត្រូវបានសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដាក់ក្នុងបញ្ជីក្រហមថាជាត្រីជិតផុតពូជ ដោយសារវាត្រូវបានគេប្រទះឃើញមានតែ ១០-២០ ក្បាលប៉ុណ្ណោះក្នុងទន្លេ Yangtze។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីការពារ និងចុះបញ្ជីនៅក្នុងអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិក្នុងប្រភេទសត្វជិតផុតពូជនៃសត្វព្រៃ និងរុក្ខជាតិក៏ដោយ អាជីវកម្មសាច់ត្រី sturgeon និងការនេសាទខុសច្បាប់ ដើម្បីរកកម្រៃនៅតែបន្តឥតឈប់ឈរ។

ត្រី sturgeon គឺជាកំណប់ពេជ្រដ៏មានតម្លៃបំផុតនៅក្នុងទន្លេយ៉ង់សេ បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិន។ ត្រីនេះគឺជាម្ហូបដ៏ពេញនិយមមួយក្នុងអំឡុងរាជវង្សថាង រហូតមកដល់បច្ចុប្បន្ន ជាពិសេសពងត្រីនេះគឺមានតម្លៃអាហារូបត្ថម្ភខ្ពស់ និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយមនុស្សបន្ទាប់ពីទទួលទានរួច ហើយវាក៏ជាអាហារដ៏ប្រណិតបំផុតមួយនៅក្នុងពិភពលោកផងដែរ។ ពងត្រី sturgeon គឺជាអាហារឆ្ងាញ់ដែលគេស្គាល់ថាជា caviar មានតម្លៃថ្លៃខ្លាំងណាស់ នេះបើយោងតាមការស្រាវជ្រាវចុងក្រោយបង្អស់លើទីផ្សារពងត្រីពិភពលោកបានបង្ហាញ ពងត្រី sturgeon មានតម្លៃរហូតដល់ជាង ៦,៣០០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាមឯណោះ។
ដោយសារពងត្រីនេះមានភាពល្បីល្បាញខ្លាំង មនុស្សមួយចំនួនបានចាប់ផ្តើមរកស៊ីក្នុងទីផ្សារងងឹត ដើម្បីទទួលបានប្រាក់ចំណេញច្រើន ដោយមិនខ្វល់ពីអត្រាជិតផុតពូជរបស់វានោះទេ។ ការបាត់បង់ប្រភេទសត្វទឹកសាបព្រៃបានរួមចំណែកដល់ការបាត់បង់ជីវចម្រុះ និងការរិចរិលនៃជម្រកទន្លេសំខាន់ៗរបស់ពួកវា។ លោក Arne Ludwig ប្រធានក្រុមអ្នកជំនាញ IUCN Sturgeon ដើម្បីភាពរុងរឿងរបស់មនុស្ស និងធម្មជាតិ បាននិយាយថា ប្រសិនបើប្រជាជននៅតែបន្តសកម្មភាពបែបនេះ ការបាត់បង់ធម្មជាតិជាសកលនឹងកាន់តែធ្ងន់ធ្ងរទៅៗ៕










