អាជីពតន្ត្រីរបស់តារាចម្រៀង Beyoncé និងឥទ្ធិពលលើវប្បធម៌ពេញនិយមនឹងក្លាយជាប្រធានបទបង្រៀននៅសាកលវិទ្យាល័យ Yale ក្នុងឆ្នាំ ២០២៥។
យោងតាមសារព័ត៌មាន AP នៅថ្ងៃទី១២ ខែវិច្ឆិកា វគ្គបណ្តុះបណ្តាល Beyoncé Makes History ដឹកនាំដោយសាស្ត្រាចារ្យសិក្សាជនជាតិអាហ្រ្វិក- អាម៉េរិក Daphne Brooks ចាប់ផ្តើមនៅនិទាឃរដូវក្រោយ។ ខ្លឹមសារ ផ្តោតលើអំឡុងពេលដែលតារាចម្រៀងរូបនេះបានចេញអាល់ប៊ុមដែលមានចំណងជើងខ្លួនឯងក្នុងឆ្នាំ២០១៣ ដល់អាល់ប៊ុមចុងក្រោយបង្អស់គឺ Cowboy Carter ដែលចេញក្នុងខែមីនា ដោយធ្វើការវិភាគពីរបៀបដែល Beyoncé ដែលជាតារាចម្រៀង និងអ្នកជំនួញដ៏ល្បីល្បាញ មានឥទ្ធិពលលើមនោគមវិជ្ជាសង្គម និងនយោបាយ។
ពីមុនសាស្រ្តាចារ្យ Brooks បានបង្រៀនប្រធានបទ តួនាទីរបស់ស្ត្រីស្បែកខ្មៅក្នុងវប្បធម៌តន្ត្រីដ៏ពេញនិយម នៅសាកលវិទ្យាល័យ Princeton ដែលត្រូវបាននិស្សិតជាច្រើនចូលចិត្ត ជាពិសេសផ្នែកអំពី Beyoncé។ ថ្វីដ្បិតតែថ្នាក់ថ្មីនៅ Yale មានទំហំតូចប៉ុន្តែ អ្នកស្រីសង្ឃឹមថាប្រធានបទនេះទាក់ទាញការចាប់អារម្មណ៍ច្រើន។ សាស្រ្តាចារ្យ Brooks គ្រោងនឹងប្រើប្រាស់កាតាឡុកតន្ត្រីរបស់ Beyoncé និងការសំដែងផ្ទាល់របស់នាងដើម្បីណែនាំដល់និស្សិតតាមរយៈសហគមន៍បញ្ញវន្តជនជាតិស្បែកខ្មៅក្នុងប្រវត្តិសាស្ត្រអាម៉េរិក។
យោងតាមអ្នកស្រី Brooks តារាចម្រៀង Beyoncé ស្ថិតក្នុង “កម្រិតខុសគ្នា” នៅពេលប្រើប្រាស់វេទិកាតន្ត្រីដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តមនុស្សឱ្យចូលរួមក្នុងចលនាសង្គម និងនយោបាយដូចជា Black Lives Matter ជាដើម) ស្ត្រីនិយមអាហ្វ្រិក។ នាងក៏បានប្រើការតែងនិពន្ធរបស់នាងដើម្បីប្រាប់អំពីអយុត្តិធម៌ខាងពូជសាសន៍ និងយេនឌ័រ ដែលសហគមន៍ស្បែកខ្មៅបានជួបប្រទះក្នុងអំឡុងពេលជាង ៤០០ ឆ្នាំនៃការជិះជាន់នៅសហរដ្ឋអាម៉េរិក ដោយប្រែក្លាយបទចម្រៀងជាច្រើនទៅជាកន្លែងរក្សាទុកអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ។ 
Beyoncé មិនមែនជាសិល្បករដំបូងគេដែលក្លាយជាមុខវិជ្ជាបង្រៀននៅកម្រិតសាកលវិទ្យាល័យនោះទេ។ កាលពីមុន សាកលវិទ្យាល័យជាច្រើនបានផ្តល់វគ្គសិក្សាលើតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង Bob Dylan និង Taylor Swift ។ នៅខែសីហា ឆ្នាំ២០២៣សាកលវិទ្យាល័យ Arizona បានប្រកាស បើកថ្នាក់សិក្សា វិភាគការផ្លាស់ប្តូរផ្លូវចិត្តរបស់ Taylor Swift ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ រួមទាំងការងារ ស្នេហា រឿងអាស្រូវ និងការរីកចម្រើនរបស់នាងក្នុងទសវត្សរ៍កន្លងមក។ 
ជម្លោះការរក្សាសិទ្ធិតន្ត្រីរវាង Taylor Swift និងផលិតករ Scooter Braun ក៏បានក្លាយជាប្រធានបទនៃការបង្រៀននៅសាលាច្បាប់មួយចំនួននៅសហរដ្ឋអាម៉េរិក និងកាណាដា។ យោងតាម AP សាស្ត្រាចារ្យច្បាប់សង្ឃឹមថាករណីរបស់តារាល្បីដូចជា Taylor Swift អាចជួយឱ្យមេធាវីជំនាន់ក្រោយយល់ពីបរិបទស្មុគស្មាញ និងគំនិតនៃឧស្សាហកម្មក្នុងការអនុវត្ត៕










