កាលពីថ្ងៃទី៧ ខែវិច្ឆិកា អង្គការបវរកញ្ញាចក្រវាល Panama បានសម្រេចដកហូតតំណែង របស់ Italy Mora ជា Miss Universe Panama 2024។ នៅក្នុងសេចក្តីប្រកាសនោះបានសរសេរថា «អង្គភាពតែងតែផ្តល់អាទិភាពដល់ការធានានូវសុចរិតភាពរបស់បេក្ខនារី ប៉ុន្តែដោយសារតែបេក្ខនារីបន្តបំពានកិច្ចសន្យាជាមួយស្ថាប័ន ពួកយើងសោកស្តាយណាស់ដែលត្រូវដកហូតតំណែងនាង»។ Mora មានអាយុ១៩ឆ្នាំ ហើយបានបាត់បង់តំណែងរបស់នាងបន្ទាប់ពីជិតមួយសប្តាហ៍នៃការដកបេក្ខភាពចេញពីការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៤ ។.png)
សេចក្តីប្រកាសបានបញ្ជាក់ថាមិនមានបេក្ខភាពថ្មីសម្រាប់ការប្រកួត Miss Universe លើកទី៧៣នោះទេ ក្រុមហ៊ុនបាននិយាយថានឹងផ្តោតលើការជ្រើសរើសបេក្ខនារីនៅឆ្នាំក្រោយដោយបញ្ជាក់ថា «នរណាម្នាក់ដែលយើងទុកចិត្តនឹងបំពេញការទទួលខុសត្រូវរបស់ពួកគេដោយមនសិការ»។
មុននឹងការដកហូតមកុដ Italy Mora នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា នៅពេលដែល Miss Universe Panama 2024 និងបេក្ខនារីជិត ១៣០នាក់កំពុងរៀបចំពិធីជប់លៀងអាហារពេលល្ងាចនៅប្រទេសម៉ិកស៊ិកនាងត្រូវបានអង្គការ Miss Universe ប្រកាសថានឹងត្រូវដកបេក្ខភាពរូបនេះចេញពីការប្រកួត។ ក្នុងសេចក្តីប្រកាស ពួកគេបាននិយាយថា «យើងបានធ្វើការសម្រេចចិត្តដោយការគោរពបំផុតចំពោះគ្រប់ភាគីពាក់ព័ន្ធ។ អាទិភាពរបស់យើងនៅតែជាសុខុមាលភាព និងតម្លាភាពរបស់បេក្ខជនទាំងអស់»។
កាលពីថ្ងៃទី៣ ខែវិច្ឆិកា នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន Italy Mora បានពន្យល់ថា នាងបានទទួលការជូនដំណឹងអំពីការបំពានច្បាប់នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំនេះ។ ដូច្នោះហើយ នាងត្រូវបានគេចោទប្រកាន់ថា បានចាកចេញពីបន្ទប់ ហើយមិនធ្វើតាមកាលវិភាគ។ នៅក្នុងបទសម្ភាសន៍ប៉ុន្មានថ្ងៃក្រោយមក Mora បាននិយាយថា នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកាលោក César Anel Rodríguez (សេសារ អាណល រ៉ូឌ្រីហ្គេស) ដែលជានាយកជាតិនៃបវរកញ្ញា Panama បានហៅនាងទៅបន្ទប់មួយនៅឯសណ្ឋាគារដែលបេក្ខនារីស្នាក់នៅដើម្បីពិភាក្សាការតុបតែងមុខសម្រាប់ព្រឹត្តិការណ៍នៅថ្ងៃបន្ទាប់។ 
បើតាមការនិយាយរបស់នាង César ក៏បានហៅមិត្តប្រុសនាងមកដែរ។ ទោះយ៉ាងណាក៏ដោយ មានការខ្វែងគំនិតគ្នារវាងនាង និង César ហើយបានចាកចេញដោយកំហឹង។ ២០ នាទីក្រោយមក បុគ្គលិកបវរកញ្ញាចក្រវាលម្នាក់បានមកដល់បន្ទប់ ឃើញតំណាងប៉ាណាម៉ាជាមួយគូស្នេហ៍របស់នាង ហើយបានប្រាប់អ្នករៀបចំភ្លាមៗ។
Mora បាននិយាយថា នេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាង។ បវរកញ្ញារូបនេះបាននិយាយថា «ប្រសិនបើខ្ញុំមិននៅជាមួយមិត្តប្រុសរបស់ខ្ញុំទេ ខ្ញុំនឹងតស៊ូបន្ថែមទៀត» ។ រូបនាងក៏បានចោទប្រកាន់នាយកជាតិ César ថាមិនគាំទ្រនាងពេញមួយដំណើរការប្រកួតប្រជែង ហើយនាងថែមទាំងត្រូវផ្ទេរប្រាក់ខ្លះទៅឱ្យគាត់នៅពេលនាងគ្រងមកុដ។ មិត្តប្រុសរបស់ Mora ក៏បាននិយាយដែរថា លោកបានឧបត្ថម្ភរបស់របរជាច្រើនសម្រាប់នាងក្នុងការចូលរួមប្រកួតប្រជែង រួមទាំងសំលៀកបំពាក់ក្នុងតម្លៃ ៧,០០០ដុល្លារ។ មកដល់ពេលនេះND César នៅមិនទាន់មានការឆ្លើយតបចំពោះហេតុការណ៍នេះទេ៕










