យោងតាមសារព័ត៌មាន Jinan Times នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា រឿងរ៉ាវស្នេហារបស់តារាសម្តែង Huang Xiaoming និង Ye Ke បានផ្ទុះយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលប្រភពមួយចំនួនបានបង្ហាញពីទំនាក់ទំនងដ៏តានតឹងអ្នកទាំងពីរ។ Ye Ke បានសុំឱ្យតារាសម្ដែងរូបនេះចំណាយ ២៧០លានយន់ ប្រមាណជិត៣៨លានដុល្លារ ជាថ្នូរឱ្យនាងនៅស្ងៀម និងបែកគ្នាដោយសន្តិវិធី។
ព័ត៌មាននេះបានទាក់ទាញអ្នកចូលមើលជាង ៥០០ លានដង និងការបញ្ចេញមតិរាប់ម៉ឺននាក់នៅលើ Weibo ។ មនុស្សរាប់ម៉ឺននាក់បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលជាមួយនឹងចំនួនទឹកប្រាក់ដែលត្រូវបានគេនិយាយថាជា “ថ្លៃស្នេហា” របស់ Huang Xiaoming ។ មនុស្សជាច្រើនបានបញ្ចេញមតិលើការបង្ហោះនៅលើគណនី Weibo របស់តារាសម្តែងរូបនេះ និងគណនីរបស់ក្រុមហ៊ុនគ្រប់គ្រងអំពីឧបទ្ទវហេតុនេះ ប៉ុន្តែ Xiaoming រក្សាភាពស្ងៀមស្ងាត់។

តារាសម្ដែង Huang Xiaoming បានប្រកាសពីទំនាក់ទំនងជាមួយ Ye Ke ជាសាធារណៈកាលពីថ្ងៃទី១៩ ខែកញ្ញាបន្ទាប់ពីទាក់ទងគ្នាបាន១ឆ្នាំ។ បើតាមប្រភពព័ត៌មានទំនាក់ទំនងនេះត្រូវបានអ្នកគាំទ្រភាគច្រើនជំទាស់។ មនុស្សជាច្រើនមិនចូលចិត្ត Ye Ke ដោយសារពួកគេគិតថានាង «ក្លែងក្លាយ និងរំខាន» ពេល Live។ តួយ៉ាងសម្តីរបស់នាងថា «ខ្ញុំមិនកែខ្លួនច្រើនទេ ខ្ញុំកែវាស្រាលៗប្រហែល ៤០%» ហើយប្រយោគនេះកំពុងពេញនិយមក្នុងចំណោមយុវវ័យចិន ដែលមនុស្សជាច្រើនបានប្ដូរវាទៅជាការលេងសើចក្នុងជីវិតប្រចាំថ្ងៃ។
Huang Xiaoming ជាអតីតស្វាមីតារាសម្ដែង Angelababy ហើយអ្នកទាំងពីរមានកូនប្រុសម្នាក់ ចំណែកឯ Ye Ke ជាគូស្នេហ៍បច្ចុប្បន្នវិញនាងមានកូនពីរនាក់ជាមួយអតីតស្វាមីដូចគ្នា៕










