គ្រូពេទ្យឯកទេសផ្នែកសម្រាកលើកឡើងថា ការសម្រាកពុំគ្រប់គ្រាន់នឹងធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬស្លា.ប់ ទាំងវ័យក្មេង ហើយមនុស្សភាគច្រើនពុំបានចាប់អារម្មណ៍នឹងចំណុចនេះទេ ។ ការសម្រាកបានគ្រប់គ្រាន់នឹងផ្តល់ផលល្អសម្រាប់សុខភាព គឺចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១យប់ ។.png)
ប៉ុន្តែមនុស្សបច្ចុប្បន្ន ពុំអាចសម្រាកចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១យប់តាមការណែនាំរបស់គ្រូពេទ្យទេ ដោយសារពួកគេត្រូវបំពេញការងារច្រើន ឬធ្វើអ្វីផ្សេងៗប្រណាំងជាមួយពេលវេលា ។ ហេតុនេះ ពួកគេបានសម្រាកពេលយប់ ចាប់ពី៤ម៉ោង ទៅ៥ម៉ោងប៉ុណ្ណោះ ហើយអ្នកខ្លះទៀត សម្រាកតិចជាងនេះ ដែលធ្វើឱ្យពួកគេស្លាប់ទាំងវ័យក្មេង ។
ការស្រាវជ្រាវជាច្រើនបញ្ជាក់ថា ការសម្រាកគ្រប់គ្រាន់នឹងមានផលល្អដល់សុខភាព ប៉ុន្តែការសម្រាកលើសពី៩ម៉ោងក្នុង១យប់ ឬសម្រាកច្រើនពេកនឹងគ្មានផលល្អសម្រាប់សុខភាពឡើយ ។ អ្វីគួរឱ្យបារម្ភខ្លាំងបំផុត គឺការសម្រាកតិចជាង៥ម៉ោងក្នុង១យប់ នឹងធ្វើឱ្យមនុស្សឆាប់ស្លាប់ ឬប្រឈមនឹងជំងឺផ្សេងៗ ដូចជា ៖ ជំងឺបេះដូង និងសរសៃឈាម ។ អ្នកសម្រាកតិចជាង៥ម៉ោងក្នុង១យប់ ជាពិសេស មនុស្សចាស់ នឹងស្លាប់មុនអាយុ ស្មើជាង២៥% ។.png)
លទ្ធផលស្រាវជ្រាវមួយនៅប្រទេសអង់គ្លេស ដែលបានស្រាវជ្រាវមនុស្សចំនួន៧.៨០០នាក់ មានអាយុចាប់ពី៥០ឆ្នាំឡើងទៅ បញ្ជាក់ថា មនុស្សចាស់សម្រាកពុំគ្រប់គ្រាន់ គឺរាងកាយនឹងឆាប់ទ្រុឌទ្រោម ឬកាន់តែឆាប់ចាស់ ឬឆាប់ស្លាប់ ។ ហេតុនេះ គួរតែព្យាយាមសម្រាកឱ្យបានតាមការកំណត់របស់គ្រូពេទ្យ ដោយរៀបចំបន្ទប់ឱ្យស្ងប់ស្ងាត់ និងមានសីតុណ្ហភាពសមស្របជាមួយរាងកាយ ។
វិធីមួយជួយឱ្យឆាប់សម្រាកលក់ គឺការហាត់ប្រាណឱ្យបានទៀងទាត់ និងទទួលយកពន្លឺថ្ងៃ ។ ក្រៅពីនេះ ពុំគួរបរិភោគអាហារច្រើនមុនពេលសម្រាកទេ ព្រមទាំងឈប់លេងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ពីព្រោះឧបករណ៍ទាំងនេះបានបញ្ចេញពន្លឺ ហើយធ្វើឱ្យខួរក្បាលយល់ខុសថា ជាពេលថ្ងៃ ។
លទ្ធផលស្រាវជ្រាវនេះបញ្ជាក់ថា ការសម្រាកតិចជាងការណែនាំរបស់គ្រូពេទ្យ (គឺចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១យប់) ឬសម្រាកលើសពី៩ម៉ោងក្នុង១យប់ នឹងមានផលប៉ះពាល់សុខភាពយ៉ាងខ្លាំងសម្រាប់មនុស្សគ្រប់វ័យ មិនថាអ្នកអាយុតិច ឬច្រើន ៕










