ប្រទេសអារ៉ាប៊ីសាអូឌីត ៖ តើមានអ្វីកើតឡើង នៅសុខៗស្រាប់តែវាលខ្សាច់ដ៏ស្ងួតហួតហែងនៅប្រទេសអារ៉ាប៊ីសាអូឌីត បែរជាមានព្រិលធ្លាក់ជាលើកដំបូងធ្វើឱ្យពលរដ្ឋអារ៉ាប៊ីសាអូឌីត និងមន្ត្រីឧតុនិយមភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងទិដ្ឋភាពនេះ ។ ក្រោយការបង្ហោះរូបភាពព្រិលក្នុងបណ្តាញសង្គម មានមតិមួយនិយាយថា វាកើតឡើងដោយសារឥទ្ធិពលខ្យល់ព្យុះ ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វាលខ្សាច់នៅភាគខាងជើងប្រទេសអារ៉ាប៊ីសាអូឌីតបានគ្របដណ្តប់ទៅដោយព្រិលជាលើកដំបូង ហើយពលរដ្ឋអារ៉ាប៊ីសាអូឌីត និងភ្ញៀវទេសចរពុំធ្លាប់ឃើញទិដ្ឋភាពនេះពីមុនទេ ។ សីតុណ្ហភាពនៅតំបន់វាលខ្សាច់បានធ្លាក់ចុះយ៉ាងខ្លាំងធ្វើឱ្យតំបន់ជាច្រើនគ្របដណ្តប់ដោយព្រិលពណ៌ស ។ បន្ទាប់មក នៅថ្ងៃទី៤ ខែវិច្ឆិកា ព្រិលក៏បានធ្លាក់នៅតំបន់ភ្នំ និងផ្លូវមួយចំនួនទៀត ។ 
មន្ត្រីឧតុនិយមសហព័ន្ធអារ៉ាប់បញ្ជាក់ថា មូលហេតុធ្វើឱ្យព្រិលធ្លាក់ខុសធម្មតា ដោយសារសម្ពាធទាបលាតសន្ធឹងពីសមុទ្រអារ៉ាប់ទៅប្រទេសអូម៉ង់ ហើយវានាំយកសំណើមមកកាន់តំបន់រាំងស្ងួត ។ ដូច្នេះ វាក៏បង្កើតឱ្យមានភ្លៀងធ្លាក់ ខ្យល់ព្យុះ និងព្រិលនៅអារ៉ាប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់ (UAE) ដែលស្ថិតនៅក្បែរគ្នា ។ មន្ត្រីឧតុនិយមបានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ ដោយសារនឹងមានភ្លៀង និងព្រិលធ្លាក់បន្ថែមទៀត ។
ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រែប្រួលអាកាសធាតុ តាំងពីចុងខែតុលា ឆ្នាំ២០២៤ មកម៉្លេះ គឺមានខ្យល់ព្យុះ ភ្លៀងខ្លាំង និងព្រិលធ្លាក់ក្នុងតំបន់មួយចំនួន ។ កាលពីប៉ុន្មានឆ្នាំមុន ទីក្រុងមួយនៅវាលខ្សាច់សាហារ៉ា ដែលមានសីតុណ្ហភាពក្តៅខ្លាំងរហូតដល់ជាង៥៨អង្សារសេ បែរជាសីតុណ្ហភាពធ្លាក់ចុះមកនៅ -២អង្សារសេ និងមានព្រិលធ្លាក់ ។
តាមឯកសារបញ្ជាក់ថា អាស៊ីខាងលិច គឺជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុតពីបម្រែបម្រួលអាកាសធាតុ ។ សីតុណ្ហភាពជាមធ្យមនឹងកើនឡើងខ្ពស់កាន់តែធ្វើឱ្យតំបន់នេះមានអាកាសធាតុប្រែប្រួលខ្លាំងឡើង និងមិនទៀងទាត់ ហើយទីបំផុត វានឹងបណ្តាលឱ្យមានព្រិលធ្លាក់លើវាលខ្សាច់ញឹកញាប់ ។
កាលពីដើមឆ្នាំ២០២៤ ទីក្រុងរីយ៉ាត របស់អារ៉ាប៊ីសាអូឌីត ធ្លាប់បានប្រឈមនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ ហើយធ្វើឱ្យរថយន្តជាច្រើនគ្រឿងហូរតាមខ្សែទឹក ។ ព្រិលធ្លាក់ និងទឹកជំនន់ខ្លាំងនៅអារ៉ាប៊ីសាអូឌីតបានបង្ហាញពីភាពអស្ចារ្យរបស់ធម្មជាតិ ដែលអាចផ្លាស់ប្តូរវាលខ្សាច់ក្តៅខ្លាំងបំផុតលើពិភពលោក ឱ្យក្លាយជាតំបន់ព្រិលយ៉ាងស្រស់ស្អាត ៕










