ក្រោយការបោះឆ្នោត លោក Donald Trump ទទួលបានតំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ខណៈក៏កំពុងតែទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ។ យ៉ាងណាមិញ វត្តមានកូនប្រុសពៅរបស់លោក ក៏កំពុងតែសាងនូវប្រជាប្រិយភាពខ្លាំងដូចគ្នា។
លោក Barron Trump ក្នុងវ័យ ១៨ ឆ្នាំបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ក្នុងចំណោមនារីៗនៅជុំវិញពិភពលោក។ លោកត្រូវបានគេស្គាល់ថាជាកូនប្រុសពៅរបស់លោក Donald Trump ជាមួយនឹងភរិយាទី៣ លោកស្រី Melania។ កំឡោះរូបសង្ហារនេះតែងតែដើរអមដំណើរឪពុកខ្លួន ក្នុងយុទ្ធនាការណ៍បោះឆ្នោតនាពេលកន្លងមក និងចូលរួមបោះឆ្នោតជាលើកដំបូងផងដែរ។.png)
បច្ចុប្បន្ន លោក Barron កំពុងសិក្សាផ្នែកពាណិជ្ជកម្ម នៅឯសកលវិទ្យាល័យទីក្រុងញូយ៉ក។ជាមួយនឹងមុខមាត់ដ៏ស្រស់សង្ហារនិងរូបរាងមិនចាញ់តារាល្បីៗ នៅក្នុងវ័យត្រឹមតែ ១៨ ឆ្នាំ តែមានកម្ពស់រហូតដល់ទៅ ២០៥ សង់ទីម៉ែត្រឯណ្ណោះ។ ទាក់ទងជាមួយនឹងកម្ពស់របស់គាត់ លោក Trump ក៏ធ្លាប់បានបង្ហើបថាទំនងជាកាត់តាមលោកយាយខាងម្តាយ។
សូមជម្រាបថា ជារឿយៗ លោក Trump ក៏តែងតែលើកសរសើរពីកូនប្រុសពៅរូបនេះផងដែរ ថាជាមនុស្សដែលពូកែ ស្វាហាប់ និងមានរបៀបរៀបរយ ហើយក៏ជាអ្នកបង្រៀនឪពុកលេង Content ថ្មីៗលើបណ្តាញសង្គមទៀតផង ។ Barron ក៏ត្រូវបានគេឲ្យដឹងថា ជាអ្នកស្រលាញ់ខាងវិស័យកីឡាបាល់ទាត់, ជាអ្នកគាំទ្រក្លឹប Arsenal ហើយថែមទាំងលេងបាល់ទាត់យុវជនតំណាងឱ្យក្រុម DC United ទៀតផង៕










