ប្រទេសវៀតណាម ៖ រយៈពេល៩ខែដំបូងក្នុងឆ្នាំ២០២៤ ខេត្ត Bac Ninh បានក្លាយជាគោលដៅទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស (Foreign Direct Investmen) ច្រើនបំផុតនៅប្រទេសវៀតណាម ដែលទទួលបានទឹកប្រាក់វិនិយោគរហូតដល់ជាង៤ពាន់២រយលានដុល្លារអាមេរិក ។
កត្តាអំណោយផលដល់ការវិនិយោគនៅប្រទេសវៀតណាម រួមមាន ៖ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងពលរដ្ឋវៀតណាមមានជំនាញ គឺជាមូលហេតុចម្បងធ្វើឱ្យខេត្ត Bac Ninh ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេស ។
នាយកដ្ឋានផែនការ និងវិនិយោគនៅខេត្ត Bac Ninh ឱ្យដឹងថា បណ្តាវិនិយោគិនបរទេសបានវិនិយោគស្មើទឹកប្រាក់១.៥៦០លានដុល្លារអាមេរិកសម្រាប់គម្រោងចំនួន៣៣៩ កើនឡើង៨២,២% ហើយចំនួនគម្រោងបានកើនឡើង២៨,៤% បើប្រៀបធៀបប្រចាំឆ្នាំ ។
បច្ចុប្បន្ន ខេត្ត Bac Ninh ទទួលបានការវិនិយោគពីក្រៅប្រទេស ជាង២.៤០០គម្រោង ស្មើទឹកប្រាក់សរុប២៩.៣០០លានដុល្លារអាមេរិក ។ កំណើនការវិនិយោគពីក្រៅប្រទេសបង្ហាញឱ្យឃើញពីយុទ្ធសាស្ត្រជោគជ័យក្នុងការទាក់ទាញវិនិយោគិនបរទេស ដោយមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនបរទេស ដូចជា ៖ Samsung និង Canon ដើម្បីកាត់បន្ថយឧបសគ្គវិនិយោគ និងលើកទឹកចិត្តក្រុមហ៊ុនក្រៅស្រុក ។

ក្រុមហ៊ុន Samsung Display មានគម្រោងវិនិយោគទឹកប្រាក់ចំនួន១ពាន់៨រយលានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតកញ្ចក់កុំព្យូទ័រ OLED ទំនើប ។ ដូច្នេះ វានឹងធ្វើឱ្យទឹកប្រាក់វិនិយោគសរុបរបស់ក្រុមហ៊ុននេះនៅខេត្ត Bac Ninh កើនឡើងរហូតដល់៨ពាន់៣រយលានដុល្លារអាមេរិក ។.png)
គួរបញ្ជាក់ថា ខេត្ត Bac Ninh ស្ថិតនៅតំបន់ដីសណ្តទន្លេក្រហម និងមានប្រព័ន្ធដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹកខ្វាត់ខ្វែង ដែលជាកត្តាជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខេត្ត ។ លើសពីនេះ ខេត្តក៏ស្ថិតនៅមិនឆ្ងាយពីអាកាសយានដ្ឋាន Noi Bai International Airport អាចជួយកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនផ្សេងៗ និងជំរុញឱ្យសេដ្ឋកិច្ចខេត្តរីកចម្រើនកាន់តែខ្លាំង នាថ្ងៃអនាគត ៕










