ប្រទេសចិន ៖ ចិនមានមហិច្ឆតាក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីច្រើនបំផុតលើពិភពលោក ដោយចំនួនស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ចិនបានកើនឡើងរហូតដល់ជាង១១លានកន្លែង ។ វាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាត់បន្ថយការបំពុលបរិយាកាស និងការអភិវឌ្ឍឧស្សាហកម្មរបស់រដ្ឋាភិបាលចិន ។
ការពង្រីកស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅប្រទេសចិនបញ្ជាក់ថា រដ្ឋាភិបាលចិនបានជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ, កាត់បន្ថយជាតិពុលលើអាកាស និងជំរុញការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនី ។.png)
ទិន្នន័យរបស់ភ្នាក់ងារថាមពលជាតិបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ស្ថានីយសាកថ្ម គឺនៅចុងខែកញ្ញា ឆ្នាំ២០២៤ ចិនមានស្ថានីយសាកថ្មសរុបជាង១១លានកន្លែង កើនឡើងជិត៥០% បើធៀបនឹងឆ្នាំ២០២៣ ។ ស្ថានីយសាកថ្មបែងចែកជា២ប្រភេទ រួមមាន ៖
១-ស្ថានីយសាកថ្មសាធារណៈ ៖ ស្មើជាង៣លានកន្លែងនៅទូទាំងប្រទេសចិន ដូចជា ៖ ក្នុងផ្សារទំនើប, អគារការិយាល័យ, ស្ថានីយប្រេងឥន្ធនៈ និងនៅតាមផ្លូវសំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីធ្វើដំណើរផ្លូវឆ្ងាយ ។
២-ស្ថានីយសាកថ្មឯកជន ៖ ស្មើជាង៨លានកន្លែង ដូចជា ៖ ក្នុងលំនៅឋាន, ខុនដូ និងអគារស្នាក់នៅ ដើម្បីឱ្យម្ចាស់រថយន្តអគ្គិសនីអាចសាកថ្មរថយន្តក្នុងលំនៅឋាន និងពុំខាតពេលវេលាធ្វើដំណើរទៅស្ថានីយសាកថ្មសាធារណៈ ។
ការពង្រីកស្ថានីយសាកថ្មនេះ ស្របគ្នានឹងចំនួនរថយន្តអគ្គិសនីថ្មីចុះបញ្ជីនៅចិនរហូតដល់ជាង២៨លានគ្រឿង មានន័យថា ចំនួនស្ថានីយសាកថ្មអាចបំពេញតម្រូវការសម្រាប់រថយន្តពលរដ្ឋ ។ ក្រៅពីនេះ រដ្ឋាភិបាលចិនបានជំរុញការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្ថានីយសាកថ្មឆាប់រហ័ស (Fast Charging) ដើម្បីកាត់បន្ថយពេលវេលាសាកថ្មផងដែរ ។.png)
ប៉ុន្តែស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ចិនពុំមានគ្រប់ទីកន្លែងទេ ជាពិសេស នៅតំបន់ជនបទ និងភាពមិនស្មើគ្នារវាងចំនួនស្ថានីយសាកថ្ម និងរថយន្ត ។ រដ្ឋាភិបាលចិនបានព្យាយាមដោះស្រាយបញ្ហានេះ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។
បើទោះជាស្ថានីយសាកថ្មពុំគ្រប់គ្រាន់ក្តី ប៉ុន្តែចិនចង់ក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីច្រើនបំផុតលើពិភពលោក ដោយពង្រីកស្ថានីយសាកថ្មឱ្យបានច្រើនកន្លែងដើម្បីជំរុញឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់រថយន្តប្រេងឥន្ធនៈ ។ ក្រៅពីនេះ ក៏មានការសហការរវាងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនដើម្បីឈានទៅប្រើប្រាស់រថយន្តអគ្គិសនីទាំងស្រុង ។
ហេតុនេះ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ព្រមទាំងការគាំទ្រពីក្រុមហ៊ុនឯកជននឹងអាចធ្វើឱ្យប្រទេសចិនយកឈ្នះលើឧបសគ្គផ្សេងៗ ហើយពលរដ្ឋនឹងរស់នៅដោយគ្មានការបំពុលបរិស្ថាន ៕










