តើជឿទេថា គ្រាន់តែការផ្ញើ និងទទួលអ៊ីម៉ែលរវាងមនុស្ស២នាក់ ក៏បានរួមចំណែកក្នុងការបញ្ចេញកាបូនឌីអុកស៊ីត រហូតដល់១៧ក្រាមឯណោះ ។ ដូចគ្នានេះ ការប្រើប្រាស់កម្មវិធីផ្សេងទៀតក្នុងអ៊ីនធើរណេតនឹងធ្វើឱ្យសីតុណ្ហភាពពិភពលោកកើនឡើងកាន់តែខ្ពស់ ហើយមនុស្សភាគច្រើនពុំជ្រាបពីចំណុចនេះទេ ។
គ្រប់សកម្មភាពទាំងអស់ក្នុងអនឡាញ ដូចជា ៖ ការផ្ញើ និងទទួលអ៊ីម៉ែល, ទស្សនាវីដេអូ, លេងហ្គេម និងការប្រើប្រាស់កម្មវិធីផ្សេងៗ គឺសុទ្ធតែពាក់ព័ន្ធនឹងការផ្ទេរព័ត៌មានតាមអ៊ីនធើរណេតពីកន្លែងមួយទៅកន្លែងមួយទៀត និងឆ្លងកាត់មជ្ឈមណ្ឌលព័ត៌មានដែលពោរពេញដោយ Server កុំព្យូទ័រ ។ ហេតុនេះ គ្រប់រូបភាព, Link តភ្ជាប់ និងវីដេអូនានាដែលយើងទស្សនាក្នុងអ៊ីនធើរណេត នឹងត្រូវបានរក្សាទុកក្នុងមជ្ឈមណ្ឌលទិន្នន័យណាមួយលើពិភពលោក ។.png)
មជ្ឈមណ្ឌលផ្ទុកទិន្នន័យនេះនឹងប្រើប្រាស់ថាមពលយ៉ាងច្រើនដើម្បីដំណើរការ និងផ្តល់ទិន្នន័យដល់អ្នកប្រើប្រាស់ ។ លើសពីនេះ វាក៏ត្រូវការប្រើប្រាស់បរិមាណទឹកយ៉ាងច្រើនផងដែរ ដើម្បីឱ្យប្រព័ន្ធ Server ទាំងអស់ត្រជាក់ ដែលធ្វើឱ្យប្រទេសជាច្រើនចាប់ផ្តើមបារម្ភពីផលប៉ះពាល់ផ្នែកថាមពល និងបរិស្ថាន ដោយសារមជ្ឈមណ្ឌលផ្ទុកទិន្នន័យទាំងនេះ ។
សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Google ក៏ទទួលស្គាល់ថា ការបំភាយយឧស្ម័នផ្ទះកញ្ចក់របស់ក្រុមហ៊ុនបានកើនឡើងរហូតដល់៤៨% ក្នុងរយៈពេល៥ឆ្នាំមកនេះ ហើយវានៅតែកើនឡើងជាបន្តបន្ទាប់ នាឆ្នាំចុងក្រោយ ។ ការបំភាយឧស្ម័នផ្ទះកញ្ចក់ភាគច្រើនកើតឡើងដោយសារការប្រើប្រាស់អ៊ីនធើរណេតល្បឿនលឿន, ការស្វែងរកទិន្នន័យក្នុងអ៊ីនធើរណេត និងសេវាកម្មបច្ចេកវិទ្យា AI កើនឡើងរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ។
ការស្នើឱ្យមនុស្សនៅទូទាំងពិភពលោក កាត់បន្ថយការប្រើប្រាស់អ៊ីនធើរណេតនោះ គឺពុំមែនជាដំណោះស្រាយមានប្រសិទ្ធភាពទេ ។ ដូច្នេះ ក្រុមហ៊ុននានាត្រូវតែស្វែងរកដំណោះស្រាយផ្សេងពីនេះ ដើម្បីទប់ស្កាត់វិបត្តិថាមពលដែលអាចកើតឡើង នាថ្ងៃអនាគត ។
ស្ថាប័ន Zero Waste Scotland ប៉ាន់ស្មានថា ការប្រើប្រាស់អ៊ីនធើរណេតទាំងអស់លើពិភពលោក នឹងបំភាយកាបូនឌីអុកស៊ីតជាមធ្យម ស្មើនឹង៨.៦២គីឡូក្រាមក្នុង១សប្តាហ៍ ដែលស្មើនឹងការបើករថយន្តប្រេងសាំងក្នុងចម្ងាយផ្លូវរហូតដល់៤៨គីឡូម៉ែត្រ ។ រីឯអ្នកជំនាញអាល្លឺម៉ង់និយាយថា ការបំភាយកាបូនឌីអុកស៊ីតជាក់ស្តែងអាចខ្ពស់ជាងនេះទ្វេដង ៕










