ប្រទេសហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានប្រកាសថា នៅថ្ងៃទី ៤ ខែវិច្ឆិកានេះគឺជាថ្ងៃកាន់ទុក្ខជាតិ ដើម្បីរំលឹកដល់អ្នកដែលបានស្លា.ប់ និងគ្រួសារដែលរងគ្រោះដោយសារឥទ្ធិពលព្យុះ Tra Mi ។

ប្រធានាធិបតីហ្វីលីពីនបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់គ្រួសារ និងមនុស្សជាទីស្រឡាញ់ត្រូវបានស្លា.ប់ ឬបាត់ខ្លួនដោយសារឥទ្ធិពលខ្យល់ព្យុះ។ ដូច្នេះទិវាជាតិនៃការកាន់ទុក្ខត្រូវបានប្រកាស “ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយគ្រួសារដែលរងផលប៉ះពាល់” ។
តាមច្បាប់ ទង់ជាតិត្រូវតែបង្ហូតត្រឹមពាក់កណ្តាលពីថ្ងៃរះដល់ថ្ងៃលិច ដើម្បីរំលឹកដល់អ្នកស្លា.ប់នៅទូទាំងប្រទេស ហើយគ្រប់ភ្នាក់ងាររដ្ឋាភិបាលហ្វីលីពីននៅបរទេសទាំងអស់ក៏ត្រូវអនុវត្តបែបនេះដែរ។ យោងតាមទិន្នន័យដែលបានចេញផ្សាយ មនុស្សចំនួន ១៥០ នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន មិនទាន់រកឃើញនៅឡើយទេ ដោយសារតែព្យុះ Tra Mi ដែលជាព្យុះដ៏ខ្លាំងបំផុតមួយបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។
លើសពីនេះ មនុស្សជាង ៧ លាននាក់ផ្សេងទៀតក៏បានរងផលប៉ះពាល់ពីព្យុះដ៏កំណាចនេះផងដែរ។ ព្យុះត្រាមីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រួមទាំងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងរំខានដល់ជីវភាព និងរបៀបរស់នៅរបស់ប្រជាជនផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA) ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួនបួនរួមមាន សិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានកំពុងជួយហ្វីលីពីនឱ្យយកឈ្នះលើការខូចខាតបន្ទាប់ពីព្យុះត្រូពិកត្រាមី។
គួរបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្យុះធំៗប្រហែល ២០ បានបោកបក់មកលើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញ ដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លា.ប់មនុស្សជាច្រើននាក់។ នេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ព្យុះនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមួយទៀត ក៏កំពុងកៀកនឹងឆ្នេរសមុទ្រនៃប្រទេសហ្វីលីពីន កាន់តែខ្លាំង កាន់តែលឿន និងអូសបន្លាយនៅលើដី ដោយសារការប្រែប្រួលអាកាសធាតុផងដែរ៕










