ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ថា ឥណ្ឌូណេស៊ីបានហាមឃាត់ក្រុមហ៊ុន Apple លក់ទូរស័ព្ទ iPhone 16 ក្នុងប្រទេសរបស់ខ្លួន ហើយចាត់ទុកថា គឺជាទង្វើខុ.សច្បាប់ ។ ប៉ុន្តែភ្ញៀវទេសចរបរទេសអាចប្រើប្រាស់ទូរស័ព្ទនេះនៅឥណ្ឌូណេស៊ីបាន ដោយសារវាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។.png)
ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីប្រកាសថា ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកដល់ឥណ្ឌូណេស៊ី ពួកគេអាចយកទូរស័ព្ទ iPhone 16 មកឥណ្ឌូណេស៊ីបាន ដោយសារវាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយគ្មានបំណងយកទូរស័ព្ទនេះមកលក់ចែកចាយ ឬនាំចូលឥណ្ឌូណេស៊ីតាមប្រៃសណីយ៍ ។ ហេតុនេះ ភ្ញៀវទេសចរបរទេសអាចប្រើប្រាស់ទូរស័ព្ទ iPhone 16 នៅឥណ្ឌូណេស៊ីបាន ។.png)
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់ឱ្យពលរដ្ឋអាចយកទូរស័ព្ទ iPhone 16 មកឥណ្ឌូណេស៊ី ត្រឹមតែ២គ្រឿងប៉ុណ្ណោះក្នុងម្នាក់ ។ បើគិតចាប់ពីខែសីហា រហូតដល់ខែតុលា ឆ្នាំ២០២៤ មានការនាំចូលទូរស័ព្ទ iPhone 16 ប្រមាណ៩.០០០គ្រឿងចូលប្រទេសឥណ្ឌូណេស៊ី សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងបានបង់ពន្ធរួចរាល់ ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងចាត់ទុកថា វាជាទង្វើខុសច្បាប់ ប្រសិនបើពលរដ្ឋណាម្នាក់នាំចូលទូរស័ព្ទនេះជាច្រើនគ្រឿងមកលក់នៅឥណ្ឌូណេស៊ី ។ មូលហេតុដែលទូរស័ព្ទនេះខុសច្បាប់ ដោយសារក្រុមហ៊ុន Apple ពុំទាន់សម្រេចគោលដៅវិនិយោគនៅឥណ្ឌូណេស៊ី ឱ្យស្មើទឹកប្រាក់១.៧១លានលានរូពៀ ទើបមានសិទ្ធិលក់ទូរស័ព្ទនៅឥណ្ឌូណេស៊ីបាន ។ បច្ចុប្បន្ន ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ត្រឹមតែ១.៤៨លានលានរូពៀប៉ុណ្ណោះ ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបានថ្លែងនៅដើមខែតុលា ឆ្នាំ២០២៤ ថា ឥណ្ឌូណេស៊ីពុំអនុញ្ញាតឱ្យទូរស័ព្ទស៊េរីទំនើបចុងក្រោយរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ចូលក្នុងទីផ្សារឥណ្ឌូណេស៊ីទេ ដោយសារក្រុមហ៊ុននេះពុំអនុវត្តតាមលក្ខខណ្ឌកំណត់ការនាំចូល ។
ចំណែកក្រុមហ៊ុន Apple បានលើកឡើងកាលពីថ្ងៃទី១១ ខែតុលា កន្លងមកថា ក្រុមហ៊ុនប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះប្រទេសឥណ្ឌូណេស៊ី ហើយក្រុមហ៊ុនមានអារម្មណ៍រំភើបក្នុងការយកទូរស័ព្ទស៊េរីទំនើបចុងក្រោយ រួមទាំងទូរស័ព្ទ iPhone 16 មកលក់ឱ្យអតិថិជនឥណ្ឌូណេស៊ីយ៉ាងឆាប់រហ័សបំផុត ៕










