សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សាលារៀនអាមេរិកគ្រោងដាក់ពាក្យប្តឹ.ង ក្រុមហ៊ុនបណ្តាញសង្គមធំៗ ដូចជា ៖ Meta, Google, TikTok និង Snapchat ក្រោយពីរកឃើញថា បណ្តាញសង្គមទាំងនេះបានធ្វើឱ្យកុមារញៀនខ្លាំងស្រដៀងនឹងការញៀនបារី និងមានចំណែកធ្វើឱ្យកុមារកើតជំងឺផ្លូវចិត្ត ។
សារព័ត៌មាន BNN Bloomberg រាយការណ៍ថា បណ្តាញសង្គមភាគច្រើនបានបង្កើតកម្មវិធីផ្សេងៗដើម្បីទាក់ទាញកុមារឱ្យឈ្លក់វង្វេងខ្លាំង ដែលស្រដៀងនឹងអ្នកញៀនបារី ហើយពុំអាចកាត់ផ្តាច់បាន ។ បណ្តាញសង្គមទាំងនេះតែងតែបង្ហាញខ្លឹមសារជាបន្តបន្ទាប់ពាក់ព័ន្ធនឹងឥរិយាបថអ្នកប្រើប្រាស់ ហើយនៅទីបំផុត កុមារ និងយុវជនប្រឈមនឹងគ្រោះថ្នាក់ដោយសារបណ្តាញសង្គម ។
តុលាការនៅទីក្រុងអូកឡេន រដ្ឋកាលីហ្វ័រញ៉ា លើកឡើងថា ក្រុមហ៊ុន Meta ប្រឈមនឹងការប្តឹងពីសាលារៀនក្នុងរដ្ឋជាច្រើន ដោយចោទប្រកាន់ថា Meta មានគោលបំណងធ្វើឱ្យកុមារញៀននឹង Facebook និង Instagram ។.png)
លើសពីនេះ កម្មវិធីទាក់ទាញកុមាររបស់ Instagram, Snapchat, TikTok និង YouTube បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តកុមារ ហើយសាលារៀនបានទទួលខុសត្រូវបន្ថែមទៀតក្នុងការជួយកុមារកើតផ្លូវចិត្ត ។ ហេតុនេះ បណ្តាញសង្គមភាគច្រើននឹងប្រឈមជាមួយការប្តឹងផ្តល់ក្នុងករណីជាច្រើន ដោយសារយុវជនបានចំណាយពេលច្រើនចុចទូរស័ព្ទ រហូតប៉ះពាល់ផ្លូវចិត្ត ។
Jose Castaneda ជាអ្នកនាំពាក្យរបស់ Google និយាយថា ការចោទប្រកាន់ទាំងនេះ មិនមែនជាការពិតទេ ។ ការសហការជាមួយអ្នកជំនាញផ្នែកយុវជន, សុខភាពផ្លូវចិត្ត និងការថែទាំកូន គឺយើងបានគ្រប់គ្រង និងមានគោលការណ៍ឱ្យយុវជនទទួលបានបទពិសោធន៍សមស្របតាមវ័យ ហើយអាណាព្យាបាលអាចគ្រប់គ្រងកូនចៅរបស់ខ្លួនយ៉ាងល្អ ។.png)
ដូចគ្នានេះ អ្នកពាក្យក្រុមហ៊ុន Meta និយាយថា ក្រុមហ៊ុនពុំយល់ស្របនឹងការចោទប្រកាន់ទេ ពីព្រោះក្រុមហ៊ុនបានបង្កើតកម្មវិធីជាច្រើនដើម្បីគាំទ្រអាណាព្យាបាល និងយុវជន ។ ក្រុមហ៊ុនបានប្រកាសនាពេលថ្មីៗថា យើងកំពុងផ្លាស់ប្តូរបទពិសោធន៍ Instagram សម្រាប់យុវជនរាប់លាននាក់ដោយការប្រើប្រាស់គណនីថ្មី ។ ហេតុនេះ វានឹងកំណត់អ្នកដែលអាចទំនាក់ទំនងមកយុវជនដោយស្វ័យប្រវត្តិ និងកំណត់ការមើលឃើញខ្លឹមសារ ៕










