ប្រទេសកូរ៉េខាងជើង ៖ ស្ថានភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង គឺជាការចាប់អារម្មណ៍របស់ពលរដ្ឋនៅលើពិភពលោករហូតមក ហើយមតិមួយចំនួននិយាយថា ពលរដ្ឋកូរ៉េខាងជើងរស់នៅមានសេចក្តីសុខ ដោយសាររដ្ឋាភិបាលបានចាត់ចែងអ្វីៗគ្រប់យ៉ាង ប៉ុន្តែមតិខ្លះទៀតយល់ឃើញផ្សេងពីនេះ ។ តើយើងធ្លាប់ឆ្ងល់ទេថា តើស្ថានភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើងមានសភាពដូចម្តេច?
Sohu គឺជាគេហទំព័ររបស់ចិនរាយការណ៍ថា ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ពលរដ្ឋកូរ៉េខាងជើង គឺស្មើប្រមាណ ១.២១៨ដុល្លារអាមេរិក ហើយក្នុងសង្គមកូរ៉េខាងជើង គឺពលរដ្ឋទទួលបានចំណូលស្មើៗគ្នា មានន័យថា ចំណូលរបស់អ្នកមាន និងចំណូលអ្នកក្រ គឺពុំសូវខុសគ្នាច្រើនទេ ។ ប្រាក់ចំណូលភាគច្រើនរបស់ពលរដ្ឋកូរ៉េខាងជើង គឺស្មើចាប់ពី ៧១៥ដុល្លារ ទៅ ១.៤៣៣ដុល្លារអាមេរិកក្នុងឆ្នាំ ។.png)
ប្រទេសកូរ៉េខាងជើងបានអនុវត្តប្រព័ន្ធបែងចែកលំនៅឋាន ហើយពលរដ្ឋទូទៅពុំចាំបាច់ស្វែងរកផ្ទះ ឬរកប្រាក់ដើម្បីទិញផ្ទះ ដូចពលរដ្ឋរស់នៅប្រទេសផ្សេងទេ ដោយសាររដ្ឋាភិបាលកូរ៉េខាងជើងនឹងស្វែងរកផ្ទះឱ្យពលរដ្ឋរស់នៅតាមតួនាទីការងារ និងស្ថានភាពគ្រួសារនីមួយៗ ។ បើទោះជាផ្ទះទាំងនេះមិនធំទូលាយ ឬមិនប្រណីតក្តី ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការពលរដ្ឋ ហើយពួកគេពុំប្រឈមនឹងសម្ពាធបង់ឈ្នួលផ្ទះទេ ។.png)
ចំណែកការអប់រំវិញ គឺកូរ៉េខាងជើងមានប្រព័ន្ធអប់រំឥតគិតថ្លៃ ហើយកុមារគ្រប់រូបស្ថិតក្នុងវ័យសិក្សាអាចចុះឈ្មោះចូលរៀនបាន ។ នៅកូរ៉េខាងជើងគ្មានបញ្ហារឿងកុមារបោះបង់ការសិក្សាដោយសារគ្រួសារមានជីវភាពខ្វះខាតទេ ហើយកម្រិតការសិក្សានៅតាមតំបន់នីមួយៗ គឺដូចៗគ្នាទាំងអស់ ។
រីឯការធ្វើការរបស់ពលរដ្ឋនៅកូរ៉េខាងជើង គឺរដ្ឋាភិបាលនឹងស្វែងរកការងារឱ្យពួកគេតាមតម្រូវការសង្គម និងការស្ទាត់ជំនាញរបស់បុគ្គលម្នាក់ៗ ដូចជា ៖ កម្មករត្រូវតែធ្វើការក្នុងរោងចក្រ រីឯកសិករត្រូវតែធ្វើស្រែចម្ការនៅជនបទ ។ ការអនុវត្តបែបនេះបានធ្វើឱ្យអត្រាគ្មានការងារធ្វើនៅកូរ៉េខាងជើងទាបខ្លាំង ហើយពលរដ្ឋពុំចាំបាច់បារម្ភពីការស្វែងរកការងារធ្វើ ។
មតិមួយចំនួនលើកឡើងថា ការដឹកនាំប្រទេសនៅកូរ៉េខាងជើងបានធ្វើឱ្យពលរដ្ឋពុំបារម្ភពីការទិញផ្ទះ, ការសិក្សា និងរកការងារធ្វើ ហើយពួកគេអាចរស់នៅ និងធ្វើការយ៉ាងរីករាយ ។ ប៉ុន្តែមតិផ្សេងទៀតយល់ឃើញថា ការអនុវត្តរបស់រដ្ឋាភិបាលកូរ៉េខាងជើង គឺជាការបិទឱកាសកុំឱ្យពលរដ្ឋរបស់ខ្លួនអភិវឌ្ឍន៍សមត្ថភាព ឬជំនាញ ព្រមទាំងខ្វះការលើកទឹកចិត្តក្នុងការប្រកួតប្រជែង និងច្នៃប្រឌិត ៕










