ប្រទេសអង់គ្លេស ៖ គេហទំព័រ odditycentral បានចុះផ្សាយពីជីវិតរបស់បុរសអង់គ្លេសម្នាក់ដែលមានទ្រព្យសម្បត្តិគ្រប់យ៉ាង និងមានការងារធ្វើ ប៉ុន្តែបែរជាសម្រេចចិត្តមករស់នៅក្នុងជីវិតយ៉ាងសាមញ្ញពុំគួរឱ្យជឿ ។ ចំណុចសំខាន់ លោកពុំបានចំណាយប្រាក់សោះក្នុងការរស់នៅរយៈពេលជាង១៥ឆ្នាំកន្លងមក ។.png)
បុរសរូបនេះឈ្មោះ Mark Boyle ឬមនុស្សទូទៅហៅថា «The Moneyless Man» មានន័យថា «បុរសគ្មានប្រាក់» ហើយនៅឆ្នាំ២០២៤ លោកមានអាយុ៤៤ឆ្នាំ ។ លោកពុំបានប៉ះពាល់ក្រដាសប្រាក់តាំងពីឆ្នាំ២០០៨ មកម៉្លេះ ហើយលោកក៏ឈប់ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាផ្សេងៗផងដែរ ដោយលោកបានមករស់នៅជាមួយធម្មជាតិ១០០% ។
លោក Mark បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងអាជីវកម្ម ហើយលោកក៏បានចូលបម្រើការងារក្នុងក្រុមហ៊ុនផ្នែកអាហារសរីរាង្គនៅទីក្រុង Bristol ។ កន្លងមក លោកមានជីវិត និងការរស់នៅល្អប្រសើរ ដោយសារមានការងារធ្វើយូរអង្វែង, ប្រាក់ខែខ្ពស់ និងបានរស់នៅក្នុងសង្គមដែលមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឍាន ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរអស់ត្រឹមរយៈពេលខ្លី ។
លោកនិយាយថា ៖ «កាលពីឆ្នាំ២០០៧ នាយប់មួយ ខ្ញុំបានអង្គុយជជែកជាមួយមិត្តភក្តិ ហើយពួកយើងគិតថា តើគួរលះបង់បញ្ហាអ្វីខ្លះក្នុងជីវិត? ខ្ញុំគិតថា គ្រប់បញ្ហាទាំងអស់កើតឡើងដោយសារលុយ ដូចជា៖ ផ្នែកឧស្សាហកម្ម, កសិកម្ម និងសង្គ្រាម ហើយខ្ញុំពិចារណាថា តើអាចរស់នៅដោយពុំចាំបាច់ចំណាយប្រាក់បានដែរឬទេ» ។
ក្រោយពីជជែកជាមួយមិត្តភក្តិមិនយូរប៉ុន្មាន លោក Mark ក៏សម្រេចចិត្តលក់ផ្ទះដ៏ធំបស់ខ្លួន ដើម្បីទៅរស់នៅក្នុងរថយន្តចាស់ដែលអ្នកផ្សេងបរិច្ចាគឱ្យ ។ លោកក៏ចាប់ផ្តើមរស់នៅដោយគ្មានការចំណាយប្រាក់ដូចមុន ហើយរយៈពេល២ខែ ទៅ៣ខែដំបូង វាពិបាកណាស់សម្រាប់លោក ពីព្រោះលោកពុំធ្លាប់រស់នៅបែបនេះ ។.jpg)
លោកបន្តថា ៖ «តើអ្នកគិតថា ការផ្លាស់ប្តូរការងារ និងលំនៅឋានពិបាកខ្លាំងប៉ុនណា? ប៉ុន្តែក្រោយពី៣ខែកន្លងផុតទៅ វាបានក្លាយជារឿងងាយស្រួល ហើយខ្ញុំអាចរស់នៅដូចធម្មតាវិញ» ។
ការរស់នៅដោយពុំចំណាយប្រាក់របស់លោកបានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គម នៅពេលលោកបង្ហាញសៀវភៅឈ្មោះថា «Moneyless Man» ដែលសៀវភៅនេះរៀបរាប់ពីឧបសគ្គដែលលោកត្រូវប្រឈម, វិធីដោះស្រាយបញ្ហា រហូតដល់ទស្សនៈដែលជំរុញឱ្យលោកហ៊ានផ្លាស់ប្តូរជីវិតរបស់ខ្លួន ។.jpg)
លោករៀបរាប់ថា ៖ «មិនគួរឱ្យជឿ រយៈពេល២ឆ្នាំនេះ វាបានបំពេញឱ្យជីវិតខ្ញុំច្រើនបំផុត ។ ខ្ញុំមានមិត្តភក្តិក្នុងសហគមន៍ច្រើនជាងមុន ខ្ញុំគ្មានជំងឺទេ ហើយខ្ញុំពុំធ្លាប់មានសេចក្តីសុខបែបនេះទេ ពីមុនមក ។ ខ្ញុំរកឃើញថា មិត្តភាពមិនត្រូវការប្រាក់ទេ ប៉ុន្តែវាជាមិត្តភាពពិតប្រាកដ ។ រីឯភាពក្រីក្ររបស់ពលរដ្ឋនៅប្រទេសលោកខាងលិចភាគច្រើន គឺកើតឡើងដោយសារបញ្ហាចិត្ត ប៉ុន្តែសេរីភាពពិត គឺការពឹងពាក់គ្នាទៅវិញទៅមក» ។
លើសពីនេះ កាលពីឆ្នាំ២០១៧ លោកបានសម្រេចចិត្តរស់នៅក្នុងជីវិតកាន់តែសាមញ្ញ ដោយលោកឈប់ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទាំងអស់ ដូចជា ៖ ទូរទស្សន៍, វិទ្យុ និងអ៊ីនធើរណេត ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹកម៉ាស៊ីនផងដែរ ។
ចុងក្រោយ លោកបញ្ជាក់ថា ៖ «ជីវិតរបស់ខ្ញុំពេលនេះហៅថា ជីវិតយ៉ាងសាមញ្ញ ប៉ុន្តែនេះជាការយល់ច្រឡំទាំងស្រុង ដោយសារខ្ញុំពុំបានរស់នៅក្នុងជីវិតមានទ្រព្យសម្បត្តិដូចមុន ហើយថ្ងៃអនាគត ក៏ដូចគ្នាដែរ ។ ខ្ញុំធ្លាប់រស់នៅប្រើប្រាស់បច្ចេកវិទ្យា និងឈប់ប្រើវា ហើយធ្វើឱ្យខ្ញុំដឹងថា អ្វីធ្វើឱ្យខ្ញុំមានសេចក្តីសុខ និងពេញចិត្តបំផុត» ៕










