គ្រឿងទេសនៅលើពិភពលោកយើងនេះគឺមានច្រើនប្រភេទណាស់ ដូចជាស្ករស ស្ករត្នោត អំបិល ប៊ីចេង ទឹកត្រី ទឹកសៀវអ៊ីវ ទឹកម្ទេសជាដើម និយាយរួមទៅគឺមានច្រើនសម្បូរបែបណាស់។ ប៉ុន្តែតើលោកអ្នកដឹងទេថា ក្នុងចំណោមគ្រឿងទេសទាំងអស់នេះ តើគ្រឿងទេសមួយណាដែលត្រូវបានគេចាត់ទុកថា មានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក? សម្រាប់ចម្លើយនោះគឺផ្កា Saffron ( Crocus sativus ) ដែលត្រូវបានគេហៅថាជាមាសក្រហម ឬអំបោះក្រហម ប្រើសម្រាប់បន្ថែមរសជាតិ និងពណ៌នៅក្នុងអាហារ។.png)
គ្រឿងទេស Saffron មានដើមកំណើតនៅប្រទេសអ៊ីរ៉ង់ គឺជាគ្រឿងទេសដែលមានតម្លៃថ្លៃបំផុតក្នុងលោក ដោយក្នុងមួយគីឡូក្រាមមានតម្លៃរហូតដល់ ១ ម៉ឺនដុល្លារអាមេរិកឯណោះ នេះបើយោងតាមគេហទំព័របរទេស IFL Science ។ ផ្កា Saffron គឺជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតកម្មគ្រឿងទេស saffron ដែលបច្ចុប្បន្នវាត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ីរ៉ង់ ក្រិក អេស្ប៉ាញ និង Türkiye។ ក្នុងនោះ អ៊ីរ៉ង់មានប្រមាណ ៩០% នៃផលិតកម្មពិភពលោក។
យោងតាមការសិក្សាជាច្រើន Saffron គឺជាគ្រឿងទេសដ៏សំខានមួយសម្រាប់សុខភាពរាងកាយរបស់មនុស្ស ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងការបំផ្លាញកោសិកា អាចការពារជំងឺមហារីក និងល្អសម្រាប់ខួរក្បាល រួមទាំងល្អចំពោះប្រព័ន្ធប្រសាទទៀតផង។ មូលហេតុដែលគ្រឿងទេសនេះមានតម្លៃថ្លៃខ្លាំង គឺដោយសារវាជាផ្កាកម្រ រីកតែមួយសប្តាហ៍ប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយផ្កានីមួយៗត្រូវប្រើ សម្រាប់កែច្នៃជាគ្រឿងផ្សំអាហារសុខភាព ដោយវាមានតួនាទីបន្ថែមរសជាតិ និងពណ៌នៅក្នុងអាហារ។.png)
អ្នកផលិតបាននិយាយថា ទម្រាំយើងយកផ្កានេះទៅផលិតជាគ្រឿងទេសបាន គឺមិនងាយស្រួលនោះទេ ដោយសារយើងត្រូវចំណាយពេលវេលាយូរណាស់ក្នុងការផលិត។ វាត្រូវចំណាយពេលប្រហែល ៤០ ម៉ោងនៃផ្កាចំនួន ១៧០,០០០ ដោយបំបែកវាជាសសៃៗតូចៗធ្វើដោយដៃផ្ទាល់តែម្តង ដូច្នេះក្នុងមួយគីឡូក្រាមគឺមានតម្លៃថ្លៃ ដោយសារមូលហេតុនេះឯង។ នៅក្នុងប្រទេសជាច្រើន ផ្កា saffron ត្រូវបានប្រមូលផលនៅពេលព្រឹកព្រលឹម ដោយសារតែការប៉ះពាល់នឹងព្រះអាទិត្យយូរ ផ្កានឹងលែងមានគុណភាព។ ដូច្នេះទាំងការប្រមូលផល និងការផលិតគឺតម្រូវឱ្យមានកម្លាំងពលកម្មច្រើន ក៏ដូចជាត្រូវចំណាយសម្ភារៈច្រើនផងដែរ៕










