ប្រទេសហ្វាំងឡង់ ៖ Icon of The Seas គឺជាកប៉ាល់ទេសចរណ៍ដ៏ធំបំផុតលើពិភពលោក និងធំជាងកប៉ាល់ទីតានិក រហូតដល់៥ដង ។ នៅផ្នែកខាងក្នុងកប៉ាល់នេះពោរពេញទៅដោយភាពប្រណីត, ការកម្សាន្តយ៉ាងរីករាយ និងបានផ្តល់ភាពងាយស្រួលគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់វ័យ រហូតដល់ភ្ញៀវទេសចរទិញសំបុត្រជិះកប៉ាល់សរសើរពុំដាច់ពីមាត់ ។
កប៉ាល់ទេសចរណ៍ Icon of The Seas គឺជារបស់ក្រុមហ៊ុន Royal Caribean Group និងផលិតឡើងនៅកន្លែងផលិតកប៉ាល់មួយក្នុងទីក្រុងតឺគូ ប្រទេសហ្វាំងឡង់ ។ កប៉ាល់នេះត្រូវបានផលិតរួចរាល់នៅខែធ្នូ ឆ្នាំ២០២២ និងចំណាយប្រាក់អស់ចំនួន១.៧៩០លានដុល្លារអាមេរិក ។
កប៉ាល់ទេសចរណ៍បានបើកបរលើទឹកលើកដំបូង ដោយធ្វើដំណើរចាកចេញពីកំពង់ផែម៉ៃអាមី កាលពីខែមករា ឆ្នាំ២០២៤ ។ កប៉ាល់នេះមានប្រវែង៣៦៥ម៉ែត្រ, កម្ពស់២០ជាន់ និងអាចដឹកភ្ញៀវទេសចរបានច្រើនបំផុត រហូតដល់៧.៦០០នាក់ ។ កប៉ាល់អាចបើកបរដោយប្រើប្រាស់ឧស្ម័នធម្មជាតិ LNG ហើយវាបានបំភាយឧស្ម័នកាបូនឌីអុកស៊ីតតិចជាងកប៉ាល់ប្រេងឥន្ធនៈ ។
ក្រុមហ៊ុន Royal Caribean Group អះអាងថា កប៉ាល់នេះអាចសន្សំសំចៃថាមពលច្រើនជាងការកំណត់របស់អង្គការដែនសមុទ្រអន្តរជាតិ សម្រាប់កប៉ាល់ទំនើបរហូតដល់២៤% ។ ក្រៅពីការសន្សំសំចៃថាមពល វាជាកប៉ាល់សម្រាប់ការកម្សាន្ត និងជាកន្លែងសម្រាកលំហែកាយផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាង ។ កប៉ាល់នេះមានកន្លែងលេងទឹកធំជាងកប៉ាល់ទេសចរណ៍ផ្សេងៗ ដែលមានឈ្មោះថា «Thrill Island» ។.png)
ក្រៅពីនេះ នៅលើកប៉ាល់ក៏មានកន្លែងជិះស្គីទឹកកក ឈ្មោះថា «Absolute Zero» ដែលមានទំហំធំជាងកន្លែងជិះស្គីទឹកកករបស់កប៉ាល់ទេសចរណ៍ផ្សេងៗ សម្រាប់ឱ្យភ្ញៀវទេសចរជិះស្គី និងការសម្តែងជិះស្គីឱ្យភ្ញៀវទេសចរទស្សនា ។.png)
កប៉ាល់នេះនៅមានចំណុចទាក់ទាញជាច្រើនទៀតដែលភ្ញៀវទេសចរពុំគួរមើលរំលង ដូចជា ៖ បន្ទប់កញ្ចក់ខ្នាតធំឈ្មោះ «AquaDome» ស្ថិតនៅលើក្បាលកប៉ាល់ ដែលមានទឹកជ្រោះសិប្បនិម្មិតខ្ពស់បំផុត បើធៀបនឹងកប៉ាល់ទេសចរណ៍ល្បីៗលើពិភពលោក ។ រីឯបន្ទប់ឈ្មោះ «Royal Promenade» បានបង្ហាញពីស្ថាបត្យកម្មឈ្មោះ «The Pearl» នៅកណ្តាលបន្ទប់ ។
កប៉ាល់ Icon of The Seas មានទីវាលសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយលេងស្រូបខ្យល់អាកាស ឈ្មោះ «The Hideaway» ដែលបរិយាកាសនៅទីនេះដូចគ្នានឹងមាត់សមុទ្រ ។ រីឯអាងហែលទឹកលើកប៉ាល់វិញ គឺភ្ញៀវទេសចរអាចជ្រើសរើសអាងហែលទឹក ចំនួន៧ប្រភេទ ហើយបើភ្ញៀវទេសចរចង់បរិភោគអាហារ និងនឿយហត់ដោយសារការលេងទឹក ឬទស្សនាសិល្បៈ កប៉ាល់នេះក៏មានភោជនីយដ្ឋាន និងក្លិប រហូតដល់ជាង៤០កន្លែងសម្រាប់ភ្ញៀវផងដែរ ។
នៅលើកប៉ាល់មានទាំង Walking Street និងរោងភាពយន្តទៀតផង រីឯតម្លៃសំបុត្រជិះកប៉ាល់ទេសចរណ៍យក្សនេះ គឺចាប់ពី១.៧៥៧ដុល្លារ ទៅ២.៦៩៦ដុល្លារអាមេរិកក្នុងម្នាក់ ។ ប៉ុន្តែបើក្នុងពេលបុណ្យទានផ្សេងៗ គឺតម្លៃសំបុត្រស្មើនឹង៥.២៧២ដុល្លារអាមេរិកក្នុងម្នាក់ ៕










