ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ និងកម្មវិធីគុនល្បុក្កតោ កម្ពុជា-ហឺណាន ដែលនឹងមានការសំដែងរួមគ្នាក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុន សៅលីញវូស៊ូ បាននឹងកំពុងប្រព្រឹត្តិទៅនៅឯបរិវេណព្រះវិហារវត្ត Shaolin ស្ថិតក្នុងខេត្តហឺណាន ប្រទេសចិន។
យោងតាមការចុះផ្សាយរបស់មន្ទីរទេសចរណ៍កាលពីពេលថ្មីៗនេះបានគូសបញ្ជាក់ថា «សូមស្វាគមន៍មកកាន់ព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុណសៅលីញវូស៊ូអន្តរជាតិលើកទី ១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤។ ពិធីបុណ្យនេះនឹងមានការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនសៅលីងវូស៊ូផងដែរ»។
ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ និងវប្បធម៌ ផ្នែកឯកជន កីឡាករ ក្បាច់គុនចម្រុះ និងកីឡាករក្បាច់គុនសៅលីញវូស៊ូ មកពីប្រទេសចិន ប្រទេសក្នុងតំបន់និងពិភពលោកសរុបប្រមាណជាង ១២០០នាក់។
តាមរយៈព្រឹត្តិការណ៍នេះគឺជាឱកាសក្នុងការផ្សព្វផ្សាយអំពីក្បាច់គុនល្បុក្កតោកម្ពុជា វឌ្ឍនភាពទេសចរណ៍កម្ពុជា ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តហឺណាន និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤- ជាពិសេសបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤- ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន និងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ជំនួបរវាងក្បាច់គុនសៅលីញនិងក្បាច់គុនល្បុក្កតោ បានកើតឡើងម្តងរួចទៅហើយនៅលើទឹកដីខេត្តសៀមរាបនៃប្រទេសកម្ពុជា តាមរយៈ «ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor» ហើយក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនកុះករផងដែរ៕










