ប្រទេសចិន ៖ កាលពីប៉ុន្មានខែមុនក្នុងឆ្នាំ២០២៤ Robot Era គឺជាក្រុមហ៊ុនផលិតមនុស្សយន្តនៅប្រទេសចិន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរគ្រប់ៗគ្នា ក្រោយពីក្រុមហ៊ុននេះបញ្ជូនមនុស្សយន្ត Humanoid ប្រភេទ XBot-L ដែលមានលក្ខណៈស្រដៀងនឹងមនុស្ស ទៅដើរលើមហាកំផែងជាលើកដំបូង ។ នាពេលថ្មីៗនេះ មហាជនបានសរសើរក្រុមហ៊ុនម្តងទៀត ក្រោយពីសាកល្បងមនុស្សយន្តរត់លើវាលខ្សាច់ ។
កាលពីថ្ងៃទី១៧ ខែតុលា កន្លងមក សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនចិន Robot Era បានយកមនុស្សយន្តពាក់ស្បែកជើងឃ្លុបទៅរត់លើវាលខ្សាច់ ដើម្បីបង្ហាញពីសមត្ថភាពការធ្វើចលនានៅក្រោមអាកាសធាតុពុំអំណោយផល ។ ក្រុមហ៊ុននិយាយថា មនុស្សយន្តនេះអាចធ្វើចលនាឆាប់រហ័សជាងមុន ហើយវាមានកម្ពស់១.៧១ម៉ែត្រ, ទម្ងន់៦៥គីឡូក្រាម និងអាចរត់ក្នុងចម្ងាយ៣.៦ម៉ែត្រក្នុង១វិនាទី ។
នៅផ្នែកខាងក្នុងរបស់មនុស្សយន្តបានបំពាក់បច្ចេកវិទ្យា AI ដើម្បីជួយឱ្យមនុស្សយន្តស្គាល់ពីបរិស្ថាននៅជុំវិញខ្លួន ។ ក្រៅពីនេះ វាអាចត្រួតពិនិត្យសណ្ឋានដីផ្សេងៗគ្នា ក៏ដូចជាអាចឈ្វេងយល់ និងសម្រេចចិត្ត ។ វាក៏អាចធ្វើការជាមួយបច្ចេកវិទ្យាសិប្បនិម្មិតទូទៅ ឬ AGI និងចងចាំពីផ្ទៃដីដ៏ស្មុគស្មាញផងដែរ ដើម្បីផ្លាស់ប្តូរការដើររបស់វាដោយស្វ័យប្រវត្តិ ។
.png)
ក្រុមហ៊ុន Robot Era បញ្ជាក់ថា មនុស្សយន្តអាចរៀនសូត្រពីជំនាញថ្មីៗពាក់ព័ន្ធនឹងការបម្លាស់ទីយ៉ាងឆាប់រហ័ស និងសម្របខ្លួនក្នុងស្ថានការណ៍ផ្សេងៗ ។ មនុស្សយន្តនេះមានសមត្ថភាពពិសេស ៣យ៉ាង រួមមាន ៖ រត់, ដើរ និងលោត នៅពេលវាដើរនៅទីកន្លែងផ្សេងៗគ្នា ។ គោលដៅរបស់ក្រុមហ៊ុន Robot Era គឺចង់ផលិតមនុស្សយន្តឱ្យមានលក្ខណៈស្រដៀងមនុស្សខ្លាំងបំផុត ដើម្បីប្រើប្រាស់ក្នុងការងារផ្សេងៗ ដូចជា ៖ ការស្រាវជ្រាវ, ការដឹកជញ្ជូនទំនិញក្នុងក្រុមហ៊ុន និងប្រើប្រាស់ក្នុងផ្នែកសិល្បៈ នាថ្ងៃអនាគត ។
គួរបញ្ជាក់ថា ក្រុមហ៊ុនចិនជាច្រើនបានផលិតមនុស្សយន្តអាចធ្វើចលនាកាន់តែឆាប់រហ័សជាងមុន និងយកមកប្រើប្រាស់ក្នុងការងារឧស្សាហកម្មយ៉ាងច្រើន ទើបធ្វើឱ្យមនុស្សយន្តចិនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើពិភពលោក ។ មនុស្សយន្តចិននីមួយៗសុទ្ធតែបំពាក់បច្ចេកវិទ្យា AI និងប្រព័ន្ធឧបករណ៍ចាប់សញ្ញាទំនើប ដែលជួយឱ្យមនុស្សយន្តអាចធ្វើការក្នុងស្ថានការណ៍ផ្សេងគ្នាយ៉ាងមានប្រសិទ្ធភាព ។
ក្រុមហ៊ុនចិនបានផលិតមនុស្សយន្តអាចធ្វើការជាមួយមនុស្សយ៉ាងឆាប់រហ័ស ដូចជា ៖ ការងារផ្ទះ, ឱ្យចំណីឆ្មា, ឆុងទឹកតែ និងបោសសម្អាតផ្ទះ ជាដើម ។ ក្រៅពីនេះ គេក៏អាចប្រើប្រាស់មនុស្សយន្តសម្រាប់ផ្តល់ជំនួយផ្នែកពេទ្យ, ជំនួយបន្ទាន់ និងធ្វើការនៅកន្លែងគ្រោះថ្នាក់ដែលមនុស្សពិបាកធ្វើ ៕










