ប្រទេសចិន ៖ សារព័ត៌មានស៊ិនហួររាយការណ៍ថា ប្រទេសចិនបានរកឃើញផ្នូរមានអាយុកាលប្រមាណ៥.០០០ឆ្នាំ ក្នុងខេត្តហឺណានស្ថិតនៅភាគកណ្តាលប្រទេស ហើយគេសន្និដ្ឋានថា វាជាផ្នូររបស់ស្តេចបុរាណចិននៅសម័យបុរេប្រវត្តិ ។ ក្រៅពីនេះ គេក៏បានរកឃើញវត្ថុបុរាណមានតម្លៃរហូតដល់ជាង៣៥០ប្រភេទ ។
ផ្នូរនេះស្ថិតនៅទីតាំងបុរាណវត្ថុ Wangzhuang ទីក្រុង Yongcheng ហើយគេចាត់ទុកថា គឺជាផ្នូរមានទំហំធំខ្លាំងក្នុងសម័យនោះ ។ ទីតាំងបុរាណវត្ថុ Wangzhuang បានបង្កើតឡើងនៅពាក់កណ្តាល និងចុងសម័យវប្បធម៌តាវឺនផូ ដែលជាវប្បធម៌នៅចុងយុគសម័យថ្ម (ចាប់ពី៤.០០០ ទៅ២.៦០០ មុនគ្រិស្តសករាជ) ។ សាស្ត្រាចារ្យមកពីវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ និងបុរាណវិទ្យាខេត្តហឺណាន នៃសាកលវិទ្យាល័យ Capital Normal ព្រមទាំងស្ថាប័នផ្សេងៗធ្លាប់បានសហការគ្នាស្រាវជ្រាវនៅបរិវេណនេះ កាលពីឆ្នាំ២០២៣ ។.png)
លោកសាស្ត្រាចារ្យ Zhu Guanghua មកពីសាកលវិទ្យាល័យ Capital Normal និយាយថា ការរកឃើញផ្នូរស្តេចបុរាណបញ្ជាក់ថា ទីតាំងបុរាណវត្ថុ Wangzhuang ពុំមែនជាទីតាំងធម្មតាទេ ប៉ុន្តែវាជាទីក្រុងដ៏ធំនៅសម័យបុរេប្រវត្តិ ។
ផ្នូរស្តេចបុរាណនេះ គឺមានទទឹងចាប់ពី៣.៤៧ម៉ែត្រ ទៅ៣.៦៨ម៉ែត្រ និងប្រវែងចាប់ពី៤.៥២ម៉ែត្រ ទៅ៤.៨ម៉ែត្រ ។ រីឯមឈូសត្រូវបានកប់ទាំងផ្នែកខាងក្នុង និងខាងក្រៅ ព្រមទាំងមានវត្ថុជាច្រើនទៀត ដូចជា ៖ ឧបករណ៍សូន្យដីឥដ្ឋជាង១០០ប្រភេទ, គ្រឿងអលង្ការត្បូងតូចៗជិត២០០ប្រភេទ, ឧបករណ៍ធ្វើពីឆ្អឹង, សាកសពសត្វ និងថ្គាមជ្រូក ដែលសុទ្ធតែជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ ។
លោកសាស្ត្រាចារ្យបន្តថា ផ្នូរស្តេចបុរាណនេះបានខូចទ្រង់ទ្រាយយ៉ាងខ្លាំង ហើយគ្រោងឆ្អឹងភាគច្រើនក្នុងមឈូសឈើបានបាត់បង់ គឺនៅសល់តែឆ្អឹងម្រាមដៃ និងជើងតែបន្តិចប៉ុណ្ណោះ ។ ក្រៅពីនេះ មានគ្រឿងអលង្ការត្បូងតូចៗនៅរាយប៉ាយទាំងផ្នែកខាងក្នុង និងខាងក្រៅមឈូស ព្រមទាំងមានកាំបិតថ្មបាក់ជាច្រើនសម្រាប់រៀបចំពិធី ។
ទំនៀមទម្លាប់ប្រពៃណីដែលបង្ហាញក្នុងផ្នូរបុរាណនេះ រួមមាន ៖ ការដាក់ធ្មេញសត្វក្តាន់ និងឆ្អឹងខ្នងខូចទ្រង់ទ្រាយរបស់អ្នកស្លាប់ ដែលមានលក្ខណៈដូចគ្នានឹងការបញ្ចុះសពតាមវប្បធម៌តាវឺនផូ នៅភាគខាងកើត ។ ក្រៅពីនេះ គេក៏បានរកឃើញវត្ថុបុរាណបង្ហាញពីវប្បធម៌យ៉ាងសៅ ផងដែរ ដែលបង្ហាញពីឥទ្ធិពលវប្បធម៌លើគ្នាទៅវិញទៅមករវាងវប្បធម៌តាវឺនផូ និងវប្បធម៌យ៉ាងសៅ ក្នុងតំបន់ ។
ក្រុមអ្នកបុរាណវិទ្យានិយាយថា អ្នករស់នៅបរិវេណទីតាំងបុរាណវត្ថុ Wangzhuang គឺមានគំនិតច្នៃប្រឌិតបង្កើតអ្វីថ្មីៗ និងមានភាពក្លាហានផ្នែកសិល្បៈ ។ ពួកគេបានលាយបញ្ចូលឥទ្ធិពលវប្បធម៌ផ្សេងៗយ៉ាងមានជំនាញ ដើម្បីបង្កើតឧបករណ៍សូន្យដីឥដ្ឋមានរូបរាងលេចធ្លោ និងប្លែក ។
ការរកឃើញផ្នូរបុរាណបានបង្ហាញពីការផ្លាស់ប្តូរជាមូលដ្ឋាននៃអរិយធម៌ចិនដំបូង, ភស្តុតាងបង្ហាញពីភាពចម្រុះនៃអរិយធម៌ចិន និងជាទីតាំងដ៏សំខាន់សម្រាប់ការស្រាវជ្រាវរួមបញ្ចូលវប្បធម៌តំបន់ផ្សេងៗនៅសម័យបុរេប្រវត្តិ ៕










