ប្រទេសថៃ ៖ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា តម្លៃដូងក្រអូបនៅប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំង គឺកាលពីមុន ដូង១ផ្លែមានតម្លៃរហូតដល់៥៣បាត ប៉ុន្តែវាបានធ្លាក់ថ្លៃមកនៅត្រឹមតែ១០បាតប៉ុណ្ណោះ ក្រោយពីចិនឈប់ទិញ ។ កសិករថៃបានដឹកផ្លែដូងមកលក់ពេញផ្សារទាំងអស់ បើទោះវាមានតម្លៃថោកក្តី ។.jpg)
កាលពីថ្ងៃទី១២ ខែតុលា កន្លងមក ក្រុមការងារសារព័ត៌មានថៃបានដើរពិនិត្យមើលតម្លៃដូងក្រអូបក្នុងផ្សារបោះដុំបន្លែ-ផ្លែឈើដ៏ធំ ស្ថិតនៅតាមផ្លូវមិត្តភាព ក្នុងឃុំណៃមឿង ស្រុកមឿង ខេត្តនគររាជសីម៉ា ឃើញថា កន្លែងលក់ដូងជាច្រើនបានទម្លាក់តម្លៃដូងយ៉ាងខ្លាំង បើធៀបនឹងអំឡុងពេលចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ។
.jpg)
អាជីវករក្នុងផ្សារបោះដុំបន្លែ-ផ្លែឈើ និយាយថា កាលពីខែមេសា ឆ្នាំ២០២៤ តម្លៃដូងក្រអូបស្រស់ធំៗស្មើរហូតដល់ជាង៥០បាត ប៉ុន្តែនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ តម្លៃបានធ្លាក់ចុះនៅត្រឹមតែ២០បាតប៉ុណ្ណោះ ។ ហេតុនេះ អាជីវករក៏បានយកដូងក្រអូបទាំងនេះទៅកែច្នៃដើម្បីលក់បានថ្លៃ ។.jpg)
អ្នកស្រី ថាណាក់ផន សយសុគន្ធឆ័យ អាជីវករលក់ដូងនិយាយថា កាលពីរដូវក្តៅ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ដូងក្រអូបក្នុងចម្ការមានតម្លៃថ្លៃណាស់ បើអាជីវករទៅទិញដូងធំៗដល់ចម្ការ គឺដូង១ផ្លែស្មើនឹង៥៣បាត ហើយថែមទាំងពិបាករកទិញដូងក្រអូបទៀត ។ ពេលនោះ គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ចម្ការដូងជាច្រើនកន្លែង ហើយចិនបានបញ្ជាទិញដូងយ៉ាងច្រើន ទើបពេលនេះ ខ្វះដូងក្រអូបលក់ ។
.jpg)
ប៉ុន្តែនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ ចម្ការដូងជាច្រើនបានផ្តល់ទិន្នផលច្រើនដូចៗគ្នា ហើយស្របពេលប្រទេសចិនលែងត្រូវការដូងថៃ ។ ដូច្នេះ វាធ្វើឱ្យពេលនេះ សម្បូរដូងលក់ពេញផ្សារ ហើយតម្លៃដូងក្រអូបក៏បានធ្លាក់ចុះយ៉ាងខ្លាំង ។.jpg)
បច្ចុប្បន្ន បើអាជីវករទៅទិញដូងធំៗដល់ចម្ការ គឺ១ផ្លៃមានតម្លៃចាប់ពី១០បាត ទៅ១១បាតប៉ុណ្ណោះ ទើបអាជីវករយកដូងទាំងនេះទៅកែច្នៃដើម្បីលក់បានថ្លៃ ដូចជា ៖ យកទឹកដូងទៅស្ងោរ និងយកដូងទៅដុត ដើម្បីលក់ចាប់ពីតម្លៃ១៣បាត ទៅ២៥បាត ។ រីឯដូងកបកសំបករួច អាចលក់បាន ៣៥បាតក្នុង១ផ្លែ ។
ចំណែកអតិថិជនទិញដូងមានដូចជា ៖ ភោជនីយដ្ឋាន, សណ្ឋាគារ, រីសត និងអាជីវករផ្សារណាត់ បានកុម្ម៉ង់ទិញដូងជាបន្តបន្ទាប់ ដើម្បីជួយឱ្យបង្កើនតម្លៃដូង ។ អាជីវករសង្ឃឹមថា តម្លៃដូងក្រអូបនឹងកើនឡើងវិញនៅពេលចិនកុម្ម៉ង់ទិញដូងថៃ ៕










