បរទេស៖ ម៉ូដែលវ៉ែនតា Apple Vision Pro ជំនាន់ថ្មី ដែលរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២៥ ត្រូវបានគេនិយាយថាមានតម្លៃទាបបំផុតប្រហែល ២,០០០ ដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលតម្លៃនេះគឺថោកជាង Apple Vision Pro ជំនាន់មុនពាក់កណ្តាលឯណោះ។
យោងតាមអ្នកជំនាញរបស់ Bloomberg លោក Mark Gurman បាននិយាយថា ក្រុមហ៊ុន Apple បច្ចុប្បន្នកំពុងអភិវឌ្ឍយ៉ាងសកម្មនូវឧបករណ៍ថ្មីៗរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយ Meta ។ ផលិតផលទាំងនេះរួមមានម៉ូដែល Vision Pro តម្លៃទាប វ៉ែនតាឆ្លាតវៃ និងកាស AirPods ដែលមានកាមេរ៉ាភ្ជាប់មកជាមួយ។
កំណែតម្លៃទាបរបស់ Vision Pro ប្រើប្រាស់វត្ថុធាតុដើមថោកជាង បន្ទះឈីបដំណើរការខ្សោយជាងជំនាន់ទីមួយ ហើយថែមទាំងត្រូវកាត់បន្ថយមុខងារ EyeSight វិញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងតម្លៃទាបជាងពីមុន Apple រំពឹងថាការលក់ផលិតផលថ្មីរបស់ខ្លួននឹងកើនឡើងទ្វេដងបើធៀបនឹងផលិតផលបច្ចុប្បន្ន។ ក្រុមអភិវឌ្ឍន៍ Vision Pro ក៏កំពុងពិចារណាផងដែរក្នុងការដាក់ឱ្យដំណើរការវ៉ែនតាឆ្លាតវៃស្រដៀងទៅនឹង Meta Ray-Ban ក្នុងឆ្នាំ ២០២៧ ដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃដែលមើលឃើញដើម្បីស្កេន និងវិភាគបរិយាកាសជុំវិញ។
យោងតាមគេហទំព័របរទេស PhoneArena វ៉ែនតា Vision Pro គឺជាផលិតផលឈានមុខគេដំបូងរបស់ Apple នៅក្នុងទីផ្សារវ៉ែនតានិម្មិត ប៉ុន្តែក៏ត្រូវបានរិះគន់ចំពោះតម្លៃដ៏ថ្លៃរបស់វាគឺ ៣,៥០០ ដុល្លារ ជាមួយទម្ងន់ធ្ងន់ និងងាយឡើងកំដៅផងដែរ។ កត្តាទាំងនេះហើយ បានធ្វើឱ្យឧបករណ៍របស់ Apple ពិបាកទទួលបានប្រជាប្រិយភាព ជាពិសេសបើប្រៀបធៀបទៅនឹងផលិតផល Meta គឺវ៉ែនតានិម្មិត្ត Meta Quest 3 ដែលស្រាលជាង និងមានតម្លៃតិចជាង ១,០០០ ដុល្លារ។
Gurman បាននិយាយថា Apple កំពុងធ្វើការដើម្បីរក្សាការច្នៃប្រឌិតរបស់ខ្លួនជាពិសេសនៅក្នុងផ្នែកនៃបញ្ញាសិប្បនិម្មិត។ ទោះបីជាមានស្ថាបត្យកម្មនៃប្រាក់ចំណូលរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំក៏ដោយ Apple មិនអាចពឹងផ្អែកតែលើភាពជោគជ័យនៃស្មាតហ្វូនរបស់ខ្លួនរហូតនោះទេ។ ហេតុនេះក្រុមហ៊ុនត្រូវតែពន្លឿនវដ្តនៃការបង្កើតថ្មីរបស់ខ្លួន ដើម្បីរក្សាតំណែងដឹកនាំរបស់ខ្លួននៅក្នុងទិដ្ឋភាពបច្ចេកវិទ្យាដែលផ្លាស់ប្តូរឥតឈប់ឈរ៕










