ប្រទេសជប៉ុន ៖ ការឡើងកំដៅផែនដីបានធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើងយ៉ាងខ្លាំងគួរឱ្យភ្ញាក់ផ្អើល ហើយបណ្តាលឱ្យទីក្រុងឆ្នេរសមុទ្រទូទាំងពិភពលោក ប្រឈមនឹងគ្រោះថ្នា.ក់ នៅឆ្នាំ២០៥០ ។ អ្នកជំនាញព្យាករថា មនុស្សជិត៣០០លាននាក់ដែលរស់នៅតំបន់ឆ្នេរសមុទ្រ នឹងរង.គ្រោះ ដោយសារទឹកលិចជារៀងរាល់ឆ្នាំ ។ ហេតុនេះ ក្រុមហ៊ុនជប៉ុនមួយឈ្មោះ N-Ark ក៏បានបង្កើតគម្រោងទីក្រុងអណ្តែតទឹកដែលមានអ្វីៗទាំងអស់ដើម្បីដោះស្រាយបញ្ហានេះ ។
.png)
Dogen City នឹងក្លាយជាទីក្រុងមានអង្កត់ផ្ចិតប្រមាណ១.៥៨គីឡូម៉ែត្រ និងមានប្រវែងព័ទ្ធជុំវិញទីក្រុង ប្រមាណ៤គីឡូម៉ែត្រ ។ ទីក្រុងនេះនឹងមានកម្ពស់២ជាន់ និងមានរាងជារង្វង់មូល ហើយទីក្រុងរង្វង់មូលនឹងការពារអ្នករស់នៅឱ្យចៀសផុតពីរលកយក្សស៊ូណាមិ ។ នៅជាន់លើបំផុតរបស់ទីក្រុងនឹងប្រើប្រាស់ថាមពលស្អាតសម្រាប់ឱ្យទីក្រុងអណ្តែតលើទឹកសមុទ្រដោយខ្លួនឯង ខណៈជាន់នៅក្រោមសមុទ្រ នឹងក្លាយជាមជ្ឈមណ្ឌលព័ត៌មានសមុទ្រសម្រាប់ការរៀបចំទីក្រុង, ការថែទាំសុខភាព និងការស្រាវជ្រាវវេជ្ជសាស្ត្រ ។
ទីក្រុងអណ្តែតទឹកនឹងទទួលឱ្យមនុស្សរស់នៅចំនួន១ម៉ឺននាក់ និងទទួលភ្ញៀវទេសចរចំនួន៤ម៉ឺននាក់ទៀត ហើយទីក្រុងនេះមានអ្វីៗគ្រប់យ៉ាង ដូចជា ៖ សាលារៀន, ពហុកីឡដ្ឋាន, ការិយាល័យធ្វើការ, សណ្ឋាគារ, កន្លែងរៀបចំពិធីសាសនា និងសួនច្បារសាធារណៈ ។ ចំណុចសំខាន់ អ្នករស់នៅទីក្រុងអណ្តែតទឹកនឹងអាចដាំដំណាំផ្សេងៗក្នុងកសិដ្ឋានទទួលទិន្នផលរហូតដល់៧.០០០តោនក្នុង១ឆ្នាំ ដោយការប្រើប្រាស់ទឹកសមុទ្រស្រោចស្រព ។
ក្រៅពីនេះ ក៏មានមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នករស់នៅក្នុងទីក្រុងអណ្តែតទឹក ឬភ្ញៀវទេសចរអាចមកពិនិត្យសុខភាព ឬទទួលការព្យាបាលជំងឺបែបទំនើបនៅមន្ទីរពេទ្យ ។ ក្រុមហ៊ុនជប៉ុនថែមទាំងមានមហិច្ឆតាអភិវឌ្ឍទីក្រុង Dogen ឱ្យកាន់តែជឿនលឿនជាងនេះ គឺបង្កើតទីតាំងការហោះហើរ និងការចុះចតរបស់យានអវកាសសម្រាប់ផ្នែកអាកាសចរណ៍អវកាស ។
ក្រុមហ៊ុន N-Ark បានកំណត់គោលដៅថា នឹងបង្កើតទីក្រុងអណ្តែតទឹកនេះឱ្យរួចរាល់នៅឆ្នាំ២០៣០ ។ ប៉ុន្តែក្រុមហ៊ុននេះពុំទាន់បញ្ជាក់ព័ត៌មានលម្អិតសំខាន់ៗ ដូចជា ៖ ទីតាំង និងការចំណាយដើមទុនសម្រាប់ដំណើរការគម្រោងសាងសង់ទីក្រុងអណ្តែតទឹកទេ ។

គួរបញ្ជាក់ថា មិនមែនមានតែប្រទេសជប៉ុនមួយទេ ដែលមានគម្រោងបង្កើតទីក្រុងអណ្តែតទឹក កន្លងមក ប្រទេសកូរ៉េខាងត្បូងក៏បានប្រកាសពីគម្រោងបង្កើតទីក្រុងអណ្តែតទឹកនៅទីក្រុង Busan ដែរ ដែកនឹងទទួលមនុស្សឱ្យរស់នៅចំនួន១សែននាក់ ។ រីឯប្រទេសហូឡង់ បានបង្កើតទីក្រុងអណ្តែតទឹក និងសាងសង់ផ្ទះជាច្រើនខ្នងសម្រាប់ឱ្យពលរដ្ឋរស់នៅកាលពីឆ្នាំ២០២១ ៕










