ប្រទេសថៃ ៖ រដ្ឋាភិបាលថៃតែងតែលើកទឹកចិត្ត ឬលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីឱ្យពួកគេមកកម្សាន្តនៅប្រទេសថៃឱ្យបានច្រើន ដូចជា ៖ តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ។ លើសពីនេះ ថៃក៏បានកែលម្អអាកាសយានដ្ឋានរបស់ខ្លួនឱ្យកាន់តែធំ និងទំនើបផងដែរ ដោយសង្ឃឹមថា ជនបរទេសនឹងមានភាពងាយស្រួលពេលធ្វើដំណើរមកដល់ថៃ ។.jpg)
ប៉ុន្តែជនបរទេសលើកឡើងថា ពួកគេពិបាកប្រើប្រាស់ជណ្តើរយន្តនៅអាកាសយានដ្ឋានថៃខ្លាំងណាស់ ។ ពេលពួកគេឃើញជណ្តើរយន្តថៃម្តងៗ ស្ទើរតែកើតរោគចិត្តគ្រប់គ្នា ពីព្រោះវាជាជណ្តើរយន្តអន់បំផុត ដែលពួកគេពុំធ្លាប់ជួបប្រទះកន្លងមក ។ ហេតុអ្វីជនបរទេសនិយាយបែបនេះ?
នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមនៅបរទេសជាច្រើនបានចែកចាយរូបភាពជណ្តើរយន្តអាកាសយានដ្ឋានប្រទេសថៃ នៅក្រុមជជែកក្នុងហ្វេសប៊ុក Hello Thailand ហើយនិយាយថា ពិបាកប្រើប្រាស់ណាស់ ។ ក្រោយការចែកចាយរូបភាពទាំងនេះ ក៏មានជនបរទេសរាប់រយនាក់ចូលមកបញ្ចេញមតិគាំទ្រការលើកឡើងខាងលើ និងចុច Emoji យំទៀតផង ។
ជនបរទេសម្នាក់បានបង្ហោះរូបភាពជណ្តើរយន្តក្នុងអាកាសយានដ្ឋានមួយកន្លែងនៅប្រទេសថៃ និងសរសេរថា «ជណ្តើរយន្តគួរឱ្យភ័យខ្លាចបំផុត» ។ ក្រោយមក ក៏មានជនបរទេសផ្សេងទៀតចូលមកបញ្ចេញមតិយល់ស្របជាមួយការលើកឡើងនេះ ពីព្រោះពួកគេមើលឃើញថា ជណ្តើរយន្តនៅអាកាសយានដ្ឋានថៃធ្លាប់មានបញ្ហាជាច្រើនកន្លងមក ។
ជនបរទេសម្នាក់និយាយថា ៖ «ការប្រើប្រាស់ជណ្តើរយន្តនេះ គឺដូចគ្នានឹងការដើរចូលក្នុងពន្ធនាគារដែរ និងជាជណ្តើរយន្តអន់បំផុត» ។ ជនបរទេសខ្លះទៀតថា ៖ «ស្អប់ជណ្តើរយន្តនេះណាស់ ពីព្រោះវាដូចជាផ្លូវនាំខ្លួនចុះពីឋានសួគ៌ ទៅកាន់ឋាននរក» ។
ជនបរទេសផ្សេងទៀតថា ៖ «វាជាជណ្តើរធ្វើដំណើរទៅកាន់ជំងឺផ្លូវចិត្ត ខ្ញុំស្អប់ជណ្តើរនេះណាស់ ខ្ញុំចង់ស្រក់ទឹកភ្នែក ពេលឃើញជណ្តើរម្តងៗ» ។ ដូចគ្នានេះ មតិមួយទៀតថា ៖ «មែនហើយ ខ្ញុំបានកើតរោគចិត្តភ្លាមៗ ក្រោយពីប្រើប្រាស់ជណ្តើររួចមក» ។
Hello Thailand គឺជាក្រុមជជែកក្នុងហ្វេសប៊ុកសម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗរបស់ភ្ញៀវទេសចរបរទេសពេលធ្វើដំណើរមកប្រទេសថៃ ។ ជនបរទេសតែងតែបង្ហោះរឿងរ៉ាវដែលពួកគេបានជួបប្រទះ និងបញ្ចេញមតិវែកញែកក្នុងក្រុមនេះយ៉ាងច្រើន ។.jpg)
គួរបញ្ជាក់ថា ជណ្តើរយន្តនៅអាកាសយានដ្ឋានប្រទេសថៃតែងតែមានបញ្ហាជាបន្តបន្ទាប់ ដូចជា ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿងខូច និងបណ្តាលឱ្យអ្នកដំណើរម្នាក់ជាប់ជើងក្នុងជណ្តើរយន្ត រហូតពិការជើងអស់មួយជីវិត ។ នៅខែដដែលនេះ ភ្ញៀវទេសចរចិនភ័យប៉ះសក់ម្តងហើយ ដោយសារជណ្តើរយន្តនៅផ្សារទំនើបថៃដំណើរការខុសប្រក្រតី ទើបជនបរទេសលើកឡើងថា ជណ្តើរយន្តថៃពិបាកប្រើប្រាស់ ៕










