ប្រទេសថៃ ៖ បណ្តាខេត្តមួយចំនួនរបស់ប្រទេសថៃបានរង.គ្រោះ ដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយសារឥទ្ធិពលខ្យល់ព្យុះមួយហើយមួយទៀត ។ ពលរដ្ឋរស់នៅក្នុងខេត្តទាំងនេះជួបការលំបាកយ៉ាងខ្លាំង ដូចជា ៖ គ្មានអគ្គិសនីប្រើប្រាស់, ខ្វះខាតស្បៀងអាហារ, ខូចខាតសម្ភារៈ ការធ្វើដំណើរតាមផ្លូវត្រូវកាត់ផ្តាច់ និងបន្លែបង្ការឡើងថ្លៃគ្រប់មុខ ។.png)
បើទោះជាទឹកជំនន់ស្រកទៅវិញក្តី ប៉ុន្តែពលរដ្ឋថៃនៅតែជួបការលំបាកដដែល ហើយបញ្ហាលំបាកខ្លាំងបំផុតរបស់ពួកគេ គឺការលាងសម្អាតផ្ទះ ។ ជាក់ស្តែង ផ្ទះរបស់ពលរដ្ឋនៅខេត្តឈៀងរ៉ៃ ពោពេញទៅដោយដីភក់ខ្ពស់ៗជិតដល់ពិដានផ្ទះក្រោយពេលទឹកជំនន់ស្រកអស់ ហើយរហូតមកដល់ដើមខែតុលា ឆ្នាំ២០២៤ ផ្ទះសម្បែង និងភូមិស្រុកពុំទាន់មានសភាពដូចធម្មតាទេ ។.png)
ទឹកជំនន់បានធ្វើឱ្យពលរដ្ឋថៃបាត់បង់អ្វីៗគ្រប់បែបយ៉ាង បើទោះជាពួកគេទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល និងការជួយជ្រោមជ្រែងពីអាជ្ញាធរក្តី ប៉ុន្តែវាពុំគ្រប់គ្រាន់សម្រាប់ការបាត់បង់ឡើយ ។ ហេតុនេះ ពួកគេបារម្ភថា ទឹកជំនន់អាចកើតឡើងម្តងទៀតនៅប្រទេសថៃ ហើយធ្ងន់ធ្ងរជាងមុន ។
នាពេលថ្មីៗនេះ មានត្រីងាប់លើឆ្នេរសមុទ្រខេត្តភូកេតដោយមិនដឹងមូលហេតុ គឺស្មើជាង៣គីឡូម៉ែត្រ ហើយលើកនេះ សត្វស្រមោចរាប់ម៉ឺនក្បាលនាំគ្នាជម្លៀសកូនចៅទៅកាន់ទីទួលខ្ពស់ ។ វាកាន់តែធ្វើឱ្យពលរដ្ឋថៃបារម្ភថា តើនេះជាប្រផ្នូលប្រាប់ហេតុការណ៍មុនពីគ្រោះធម្មជាតិ ឬយ៉ាងណា?.png)
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ហ្វូងស្រមោចខ្មៅរាប់ម៉ឺនក្បាលបានជម្លៀសកូនចៅ និងជញ្ជូនពងរបស់វាជម្លៀសទៅកាន់ទីទួលខ្ពស់ ជាហេតុធ្វើឱ្យពលរដ្ឋរស់នៅឃុំបុនកើត ស្រុកដកខាំតៃ ខេត្តផាក់យ៉ៅ បារម្ភថា វាជាប្រផ្នូលប្រាប់ហេតុការណ៍មុនថា ប្រទេសថៃនឹងជួបគ្រោះទឹកជំនន់ម្តងទៀត ។.png)
លោក ណយ សុវណ្ណ រស់នៅខេត្តផាក់យ៉ៅ រៀបរាប់ថា ហ្វូងស្រមោចបម្លាស់ទីជាច្រើនក្បាលបែបនេះបញ្ជាក់ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតទឹកជំនន់លិចភូមិស្រុកនាពេលឆាប់ៗមិនខាន ពីព្រោះចាស់ៗបុរាណជឿថា សត្វស្រមោចមានញៀនពិសេសអាចដឹងហេតុការណ៍មុន ។ លោកថា ៖ «ស្រមោចវាដឹងថា នឹងមានទឹកជំនន់កើតឡើង ទើបនាំកូន នាំចៅ ជម្លៀសទៅកាន់ទីទួលខ្ពស់ ពីព្រោះវាខ្លាចទឹកជំនន់លិចសម្បុក និងកូនចៅវា» ។
រីឯអ្នកលេងបណ្តាញសង្គមក៏យល់ឃើញដូចគ្នាដែរថា វាជារឿងដែលផ្នែកវិទ្យាសាស្ត្រពុំអាចបកស្រាយបានទេ ពីព្រោះស្រមោចអាចដឹងមុនថា នឹងមានភ្លៀងធ្លាក់ខ្លាំង ទើបវាជម្លៀសកូនចៅទៅទីទួលខ្ពស់ ។ ជាក់ស្តែង កាលពីឆ្នាំ២០១១ ស្រមោចក៏បានជម្លៀសកូនចៅបែបនេះដែរ ហើយមិនយូរប៉ុន្មាន ប្រទេសថៃក៏មានទឹកជំនន់មែន ៕










