ស្ពាន Laguna Garzón ក្នុងប្រទេសអ៊ុយរូហ្គាយគឺជាស្ពានដែលមានរាងជារង្វង់ចម្លែកបំផុតក្នុងលោក ជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលមិននឹកស្មានដល់។
ស្ពាននេះមានភាពល្បីល្បាញខ្លាំងដោយសារវាមានរាងជារង្វង់មិនធម្មតា ខុសប្លែកពីគេ ហើយត្រូវបានរចនាឡើងដោយ Rafael Viñoly Architects ដែលជាក្រុមហ៊ុននៅពីក្រោយគម្រោងល្បីៗ ជាច្រើនជុំវិញពិភពលោកដូចជាអគារ 432 Park Avenue នៅទីក្រុងញូវយ៉ក ពហុកីឡដ្ឋានជាតិជប៉ុននៅទីក្រុងតូក្យូ និងអគារ Walkie Talkie ក្នុងទីក្រុង London ជាដើម នេះបើយោងតាម IFL Science។ .png)
លក្ខណៈពិសេសនៃស្ពាន Laguna Garzón គឺដើម្បីជួយអ្នកបើកបរធ្វើដំណើរឆ្លងកាត់បឹងដោយរលូន ជាជាងប្រើសាឡាងដូចពីមុន។ ស្ពាននេះបានជំនួសសាឡាងនៅក្នុងខែធ្នូ ឆ្នាំ ២០១៥ ដោយផ្តល់ផ្លូវឆ្លងកាត់សម្រាប់អ្នកថ្មើរជើង និងរថយន្តរហូតដល់ ១,០០០ គ្រឿងក្នុងមួយថ្ងៃៗ។ លើសពីនេះ Laguna Garzón ក៏ជាស្ពានស្ថិតក្នុងតំបន់ជីវចម្រុះដ៏សំខាន់មួយរបស់ប្រទេសសម្រាប់សត្វស្លាបដែលជិតផុតពូជផងដែរ។ ទន្ទឹមនឹងនេះការបង្កើតស្ពានដែលមានរាងជារង្វង់ ក៏ជួយសម្រួលចរាចរណ៍ឱ្យយឺត និងកំណត់ផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អឥតខ្ចោះ។
ហេតុនេះអ្នកដើរថ្មើរជើងនៅលើស្ពានក៏អាចអង្គុយស្ទូចត្រី និងគយគន់ទេសភាព ស្រូបយកខ្យល់អាកាសបរិសុទ្ធបានយ៉ាងមានសុវត្ថិភាព ដោយសារស្ពានជារង្វង់ត្រូវបានរចនាតាមរយៈការបំបែកផ្លូវទាំងពីរ ជាផ្នែកពាក់កណ្តាលនៃរង្វង់ពីរ ដោយអនុញ្ញាតឱ្យអ្នកថ្មើរជើងចូលតាមផ្លូវរង្វង់មូលមួយទៀត រួមទាំងផ្លូវបំបែកដែលអនុញ្ញាតឱ្យអ្នកថ្មើរជើងចូលទៅកាន់ចិញ្ចើមផ្លូវខាងក្នុង ឬខាងក្រៅនៃរង្វង់យ៉ាងមានសុវត្ថិភាព។
យោងតាម IFL Science ដែលជាគេហទំព័របរទេសបានឱ្យដឹងទៀតថា ស្ពាន Laguna Garzón ដែលជាស្ពានឆ្លងកាត់បឹងបានចំណាយថវិកាសាងសង់ចំនួន ១០ លានដុល្លារអាមេរិក ត្រូវបានសាងសង់ពីដែកថែប ៤៥០ តោន ខ្សែកាប ៤០ គីឡូម៉ែត្រ និងបេតុង ៣.៥០០ ម៉ែត្រការ៉េ។ ដូច្នេះស្ពាននេះត្រូវបានបញ្ចប់ជាផ្លូវការក្នុងឆ្នាំ ២០១៥ ហើយបានដាក់ឱ្យដំណើរការរហូតមកដល់បច្ចុប្បន្ននេះ៕










