នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅលើទឹកដីនៃខេត្តសៀមរាប នឹងមានការរៀបចំជាមួយនឹងមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ ដែលនឹងឆ្លុះបញ្ចាំងឲ្យកូនខ្មែរក៏ដូចជាពិភពលោកទាំងមូលបានឃើញអំពីទស្សនីយភាពដ៏អស្ចារ្យប្រៀបដូចកំពុងស្ថិតនៅក្នុងសម័យអតីតកាល គឺសម័យអាណាចក្រអង្គរដ៏រុងរឿងរបស់ខ្មែរអ៊ីចឹង!
យោងតាមការចុះផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានគូសបញ្ជាក់ថា«ត្រៀម! ត្រៀម! ជាមួយមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ ដែលនឹងមានផ្ទាំងមហាទស្សនីយភាពយ៉ាងអស្ចារ្យល្អឯក រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី និងក្បួនទ័ព ក្បួនដង្ហែពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដែលខ្មែរយើងមិនបានប្រារព្ធឡើងតាំងពីបុរាណកាលមក»។
«លើសពីនោះក៏មានការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបខ្មែរ សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង។ ដូច្នេះផ្ទាំងមហាទស្សនីយភាពនេះ ជាមហាព្រឹត្តិការណ៍ដ៏មានការភ្ញាក់ផ្អើល រំភើប រួមទាំងមានមោទនភាពនូវអ្វីដែលខ្មែរមាន ហើយបានកប់ទុកយ៉ាងជ្រៅ។ កុំភ្លេចកក់ថ្ងៃចូលរួមជាដាច់ខាត ព្រោះនេះគឺជាលើកទី១នៃក្បួនដង្ហែមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំប្រទេសកម្ពុជាយើង»។
បន្ថែមពីនេះ នៅក្នុងពិធីទាំង២ថ្ងៃនេះ ក៏រួមមានការកម្សាន្តជាមួយនឹងសិល្បៈ ចម្រៀងចម្រុះ ល្បែងប្រជាប្រិយ របាំប្រពៃណីខ្មែរ និងការប្រកួតទីងមោងផងដែរ។ ហើយសម្រាប់ពិធីដង្ហែក្បួនព្រះមហាក្សត្រខ្មែរ នាសម័យអាណាចក្រអង្គរ នឹងប្រារព្ធឡើងនៅវេលាម៉ោង៤ រសៀលថ្ងៃទី ២៩ ខែតុលា នៅក្នុងបរិវេណប្រាសាទអង្គរតូចយ៉ាងមហាឡារិកផងដែរ។
គួរបញ្ជាក់ថា ចំពោះភ្ញៀវជាតិ ដែលស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ និងភ្ញៀវទេសចរបរទេសដែលចូលរួម នឹងទទួលបានការពិសាអាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ៕










