ប្រទេសជប៉ុន ៖ កាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវ និងខ្វះខាតស្រូវផងដែរ ។ ហេតុនេះ ដើម្បីដោះស្រាយបញ្ហាខ្វះខាតស្រូវ អ្នកស្រាវជ្រាវជប៉ុនបានបង្កើតពូជស្រូវថ្មីអាចទប់ទល់នឹងអាកាសធាតុក្តៅ ហើយសង្ឃឹមថា នឹងអាចបំពេញតម្រូវការបរិភោគគ្រប់គ្រាន់ ។
ពូជស្រូវថ្មីនេះឈ្មោះ «Emihokoro» បង្កើតឡើងដោយគម្រោងកែលម្អពូជស្រូវរបស់ខេត្តសាយតាម៉ាក់ ដែលជាខេត្តមានអាកាសធាតុក្តៅខ្លាំងនៅជប៉ុន ។ អ្នកស្រាវជ្រាវបានយកពូជគ្រាប់ស្រូវមកពីខេត្តជាច្រើនមកផ្សំបញ្ចូលគ្នា ដើម្បីបង្កើតពូជស្រូវថ្មីអាចដុះលូតលាស់ល្អក្នុងអាកាសធាតុក្តៅ ។ ពួកគេបានសាកល្បងដាំស្រូវក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ហើយលទ្ធផលឃើញថា ពូជស្រូវថ្មីទទួលបានផលច្រើនជាងពូជផ្សេងៗដែលក្រុមអ្នកស្រាវជ្រាវធ្លាប់បង្កើត ។.png)
ប្រទេសជប៉ុនបាននាំចូលស្បៀងអាហាររហូតដល់ជាង៦០% ប៉ុន្តែមានពូជស្រូវតិចតួចប៉ុណ្ណោះ ដែលពលរដ្ឋជប៉ុនអាចផលិតដោយខ្លួនឯងបាន ។ កាលពីរដូវក្តៅឆ្នាំ២០២៣ ប្រទេសជប៉ុនមានសីតុណ្ហភាពកើនឡើងខ្ពស់ និងគ្រោះរាំងស្ងួត ទើបធ្វើឱ្យការផលិតស្រូវធ្លាក់ចុះ ហើយស្រូវក្នុងស្តុកមានត្រឹមតែជាង១លាន៥សែនតោនប៉ុណ្ណោះ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល២៥ឆ្នាំ ។.png)
តាមទិន្នន័យរបស់ក្រសួងកសិកម្មជប៉ុនបញ្ជាក់ថា ការផលិតស្រូវធ្លាក់ចុះ គឺជាកត្តាមួយធ្វើឱ្យជប៉ុនខ្វះខាតស្បៀងអាហារផ្គត់ផ្គង់ពលរដ្ឋ និងធ្វើឱ្យតម្លៃអាហារកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ។ រីឯប្រធានផ្សារទំនើប Akidai លើកឡើងថា អ្នកលក់អង្ករពុំអាចបញ្ជូនអង្ករមកឱ្យផ្សារទំនើបតាមការកុម្ម៉ង់ទេ ទើបធ្វើឱ្យតម្លៃអង្ករកើនឡើងខ្ពស់ ។
ភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសកាលពីពេលកន្លងមកថា ប្រទេសជប៉ុនប្រឈមនឹងសីតុណ្ហភាពកើនឡើងខ្ពស់បំផុត ចាប់ពីការកត់ត្រាក្នុងស្ថិតិកាលពីឆ្នាំ១៨៩៨ ។ រីឯក្រុមហ៊ុនស្រាវជ្រាវ BMI រាយការណ៍ថា អាកាសធាតុក្តៅនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលស្រូវនៅឆ្នាំ២០២៥ ហើយជប៉ុននឹងខ្វះខាតស្រូវរហូតដល់ឆ្នាំ២០២៥ ។
ការបង្កើតពូជស្រូវ Emihokoro គឺជាការសម្លឹងវែងឆ្ងាយទៅថ្ងៃអនាគត ដែលជប៉ុនគិតថា សីតុណ្ហភាពនឹងកាន់តែកើនឡើងខ្ពស់ ។ កសិករឈ្មោះ Yoshitaka Funakawa អាយុ៧៣ឆ្នាំ បានចូលរួមក្នុងគម្រោងបង្កើតពូជស្រូវថ្មី និយាយថា ៖ «អាកាសធាតុកាន់តែក្តៅធ្វើឱ្យខ្ញុំមានអារម្មណ៍ថា បើគ្មានពូជស្រូវថ្មីអាចធុននឹងអាកាសធាតុក្តៅទេនោះ ជប៉ុននឹងជួបការលំបាកមិនខាន» ។
ហេតុនេះ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ពូជស្រូវថ្មីនឹងអាចដុះលូតលាស់បានល្អក្នុងអាកាសធាតុក្តៅ និងផ្តល់ទិន្នផលបានច្រើន ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារស្របពេលអាកាសធាតុពិភពលោក ផ្លាស់ប្តូរ ៕










