ប្រទេសជប៉ុន ៖ បើទោះជាភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសជប៉ុនកើនឡើងជាបន្តបន្ទាប់ក្តី ប៉ុន្តែពលរដ្ឋជប៉ុនបែរជានិយាយថា ពួកគេពុំចង់ដើរកម្សាន្តនៅក្រៅប្រទេសទេ និងចង់សម្រាកនៅផ្ទះ ឬដើរកម្សាន្តក្នុងប្រទេសច្រើនជាង ។ ហេតុអ្វីទើបពលរដ្ឋជប៉ុននិយាយបែបនេះ?

មូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋជប៉ុនបច្ចុប្បន្នពុំនិយមធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស គឺបណ្តាលមកពីកត្តាច្រើនយ៉ាង ដូចជា ៖ ពួកគេពិបាកសុំច្បាប់ឈប់សម្រាកពីការងារ, គ្មានប្រាក់សម្រាប់ដើរកម្សាន្ត និងឧបសគ្គផ្នែកភាសាបរទេស ។
គេហទំព័រ Nikkei Asia ផ្សព្វផ្សាយថា ដំណើរកម្សាន្ត គឺជាការសម្រាកដ៏ពេញនិយមរបស់ពលរដ្ឋជប៉ុន តាំងពីសេដ្ឋកិច្ចជប៉ុនរីកចម្រើនខ្លាំងមកម៉្លេះ ។ កាលពីឆ្នាំ២០២៣ ពលរដ្ឋជប៉ុនបានដើរកម្សាន្តក្នុងប្រទេសច្រើនបំផុត ប៉ុន្តែការដើរកម្សាន្តទៅក្រៅប្រទេសរបស់ពួកគេ ស្មើត្រឹមតែ៦០% នៃអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ ជាមួយគ្នានេះ ដំណើរកម្សាន្តឆ្លងយប់ក្នុងប្រទេសបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ តាំងពីរដូវស្លឹកឈើជ្រុះ ។
បច្ចុប្បន្ន ពលរដ្ឋជប៉ុននិយមដើរកម្សាន្តតែម្នាក់ឯង ដោយសារប្រាក់យ៉េនធ្លាក់ថ្លៃ និងការចំណាយប្រាក់សម្រាប់ដំណើរកម្សាន្តកើនឡើង ។ ប៉ុន្តែឧបសគ្គធំបំផុតសម្រាប់ដំណើរកម្សាន្តក្រៅប្រទេស គឺពិបាកសុំច្បាប់សម្រាកពីការងារ ទើបពួកគេសម្រេចចិត្តដើរកម្សាន្តក្នុងប្រទេស និងស្នាក់នៅមិនលើស២យប់ ។ រីឯដំណើរកម្សាន្តក្រៅប្រទេស គឺតិចតួចប៉ុណ្ណោះក្នុង១ឆ្នាំ ដែលផ្ទុយគ្នាពីពលរដ្ឋអឺរ៉ុបអាចសុំច្បាប់ឈប់សម្រាកបានយូរថ្ងៃ ។
នាយក Hoshino Resorts និយាយថា ៖ «បើក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាកបានច្រើនថ្ងៃ នឹងធ្វើឱ្យពួកគេងាយស្រួលទៅលេងនៅក្រៅប្រទេស ហើយធ្វើឱ្យវិស័យទេសចរណ៍ជប៉ុនកើនឡើងផងដែរ» ។
លទ្ធផលស្ទង់មតិរបស់គណៈរដ្ឋមន្ត្រី ឆ្នាំ២០១៨ បង្ហាញថា អ្នកឆ្លើយតបចាប់ពីអាយុ១៣ឆ្នាំ ទៅ២៩ឆ្នាំ ស្មើរហូតដល់៥៣% មិនចង់ទៅសិក្សានៅក្រៅប្រទេសទេ ខណៈអ្នកឆ្លើយតបនៅកូរ៉េខាងត្បូង និងលោកខាងលិចពុំចង់ទៅសិក្សានៅក្រៅប្រទេស ស្មើពី២០% ទៅជាង៣០% ប៉ុណ្ណោះ ។ រីឯយុវជនលោកខាងលិចដែលនិយាយភាសាអង់គ្លេស ពួកគេបានទៅលេងក្រៅប្រទេសក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សា ។
មន្ត្រីតំណាងអង្គការទេសចរណ៍ជាតិជប៉ុននិយាយថា ពលរដ្ឋជប៉ុនទៅលេងក្រៅប្រទេសធ្លាក់ចុះ នឹងធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរបរេសមកលេងជប៉ុន ។ រដ្ឋាភិបាលជប៉ុនបានពិចារណាគោលនយោបាយជំរុញឱ្យយុវជនទៅដើរលេងក្រៅប្រទេសឱ្យបានច្រើន ដូចជា ៖ ឱ្យអាជ្ញាធរមូលដ្ឋានបង់ថ្លៃលិខិតឆ្លងដែន ជាដើម ។
រីឯលទ្ធផលស្ទង់មតិពលដ្ឋជប៉ុនចាប់ពីអាយុ១៥ឆ្នាំ ទៅ២៤ឆ្នាំ កាលពីឆ្នាំ២០២៣ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Shibuya 109 Lab ក្នុងទីក្រុងតូក្យូបង្ហាញថា មូលហេតុសំខាន់ចំនួន៣ ដែលធ្វើឱ្យយុវជនជប៉ុនពុំចង់ទៅក្រៅប្រទេស រួមមាន ៖ ប្រាក់, សុវត្ថិភាព និងជំនាញភាសា ៕










