ប្រទេសជប៉ុន ៖ ជប៉ុន គឺជាប្រទេសមួយមានឈ្មោះល្បីល្បាញលើពិភពលោករឿងកោះឆ្មា គឺជប៉ុនមានកោះតូចៗប្រមាណជា១០កោះ បានដាក់ឈ្មោះថា «កោះឆ្មា» ។ ឆ្មាជាច្រើនក្បាលដែលរស់នៅលើកោះសុទ្ធតែគ្មានម្ចាស់ ហើយពលរដ្ឋចាស់ៗរស់នៅលើកោះបានជួយថែទាំពួកវា ។
កាលពីខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា Aoshima គឺជាកោះមួយស្ថិតក្នុងចំណោមកោះឆ្មាដ៏ល្បីល្បាញបំផុតរបស់ជប៉ុន ប៉ុន្តែអាជ្ញាធរកោះនេះប្រកាសថា នារយៈពេលប៉ុន្មានឆ្នាំខាងមុខ សត្វឆ្មាទាំងអស់ដែលរស់នៅលើកោះនឹងបាត់បង់ ។ 
កាលពី៦ឆ្នាំមុន អាជ្ញាធរកោះបានចាប់ឆ្មាទាំងអស់ក្រៀវតាមការណែនាំរបស់សមាគមគ្រប់គ្រងឆ្មានៅកោះ Aoshima ដោយសារចំនួនឆ្មាកើនឡើងរហូតដល់១៣០ក្បាល ។ នេះចាត់ទុកថា គឺជាចំនួនច្រើនបំផុត បើធៀបនឹងពលរដ្ឋជប៉ុនរស់នៅលើកោះនេះត្រឹមតែ១៣នាក់ប៉ុណ្ណោះ ដែលត្រូវមើលថែទាំឆ្មា ។ ម្យ៉ាងទៀត ពលរដ្ឋរស់នៅលើកោះខ្លះ មានអាយុច្រើនរហូតដល់៧៥ឆ្នាំ ។
លោកយាយរស់នៅលើកោះម្នាក់អាយុ៧៣ឆ្នាំ ត្រូវបានគេដាក់ឈ្មោះថា «លោកយាយ ខេតម៉ាម៉ា» ។ លោកយាយជាមនុស្សសំខាន់ម្នាក់ដែលបានថែទាំឆ្មាលើកោះ ដោយលោកយាយរង់ចាំសម្អាតអាចម៍ឆ្មានៅតាមផ្លូវទាំងអស់ ដើម្បីធ្វើឱ្យកោះនេះស្អាតសម្រាប់ភ្នែកភ្ញៀវទេសចរបរទេស ។
ភ្ញៀវទេសចរមកកម្សាន្តនៅកោះ Aoshima ចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារអាកាសធាតុអាក្រក់ ខណៈឆ្មាក៏ខ្វះខាតចំណីស៊ី ។ ហេតុនេះ លោកយាយ ខេតម៉ាម៉ា បានសន្សំសំចៃចំណីឆ្មាដើម្បីឱ្យវាស៊ីបាន១ឆ្នាំ ។ លោកយាយ ខេតម៉ាម៉ា និយាយថា លោកយាយអាយុកាន់តែច្រើន ពិបាកថែទាំឆ្មាទាំងនេះណាស់ ហើយបើលោកយាយស្លាប់នោះ នឹងគ្មានអ្នកណាមើលថែឆ្មាបន្តទៀតទេ ។
អាជ្ញាធរកោះនិយាយថា កោះឆ្មានេះនៅសល់រយៈពេលតែ២ឆ្នាំទៀតប៉ុណ្ណោះ បន្ទាប់មក នឹងគ្មានឆ្មាច្រើនទៀតទេ ដោយសារពលរដ្ឋជប៉ុនរស់នៅលើកោះមានអាយុកាន់តែច្រើន ហើយឆ្មាលើកោះក៏មានអាយុច្រើនដូចគ្នាដែរ ។ បច្ចុប្បន្ន ឆ្មាគ្រប់ក្បាលមានអាយុជាង៧ឆ្នាំហើយ ។
បរិវេណកោះ Aoshima មានភាពខុសប្លែកពីពេលមុនខ្លាំងណាស់ ហើយកាលពីឆ្នាំ១៩៦០ កោះនេះធ្លាប់មានមនុស្សរស់នៅរហូតដល់ ៦៥៥នាក់ ។ ប៉ុន្តែជាច្រើនឆ្នាំកន្លងមក អ្នករស់នៅលើកោះបានផ្លាស់ប្តូរទីលំនៅ ដោយបោះបង់ផ្ទះសម្បែងរបស់ពួកគេ និងទុកឆ្មាចោលលើកោះ ។ បច្ចុប្បន្ន មានមនុស្សរស់នៅលើកោះជាង១០នាក់ប៉ុណ្ណោះ ដែលជាចំនួនតិចតួចបំផុត ហើយចំនួនឆ្មាក៏បានធ្លាក់ចុះខ្លាំងដែរ ៕










