ប្រទេសបារាំង ៖ អ្នកដំណើរមួយចំនួនពុំសូវបរិភោគអាហារលើយន្តហោះទេ ដែលអាចបណ្តាលមកពីរសជាតិ, ពុំចូលចិត្ត និងពុំធ្លាប់បរិភោគ ទើបធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើន រួមទាំងក្រុមហ៊ុន Air France របស់ប្រទេសបារាំង ប្រកាសឈប់ផ្តល់អាហារជូនអ្នកដំណើរលើយន្តហោះ ។ ប៉ុន្តែពួកគេនឹងផ្តល់អាហារសម្រាប់តែអ្នកដំណើរណាដែលកុម្ម៉ង់ប៉ុណ្ណោះ ។
មូលហេតុធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Air France ឈប់ផ្តល់អាហារជូនអ្នកដំណើរលើយន្តហោះ គឺអាចបណ្តាលមកពីកាលពីឆ្នាំ២០២៣ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association) រកឃើញថា អាហារសម្រាប់អ្នកដំណើរលើយន្តហោះបានបង្កើតសំរាម រហូតដល់១លាន១សែន៤ម៉ឺនតោនជារៀងរាល់ឆ្នាំ ។ ប៉ុន្តែមូលហេតុចម្បង គឺមកពីការកាត់បន្ថយចំណាយក្នុងការហោះហើរ និងប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍លក់សំបុត្រយន្តហោះតម្លៃទាប ។
នៅចុងឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Air France នឹងសាកល្បងប្រើប្រាស់ប្រព័ន្ធទិញអាហារលើយន្តហោះសម្រាប់ការធ្វើដំណើររយៈពេលខ្លី (គឺតិចជាង៣ម៉ោង) និងរយៈពេលមធ្យម (ចាប់ពី២ម៉ោង ទៅ៦ម៉ោង) ជំនួសឱ្យការចែកសានវិច និងនំប៉័ង ដោយអ្នកដំណើរត្រូវកុម្ម៉ង់អាហារជាមុន ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នេះនៅតែផ្តល់ទឹកបរិសុទ្ធ, ទឹកតែ, កាហ្វេ និងភេសជ្ជៈផ្សេងៗដល់អ្នកដំណើរ ។
ចំណែកអ្នកដំណើរទិញសំបុត្រយន្តហោះប្រភេទ Business Class នឹងគ្មានការផ្លាស់ប្តូរទេ គឺក្រុមហ៊ុនអាកាសចរណ៍ Air France នឹងផ្តល់អាហារដូចមុន ព្រមទាំងភេសជ្ជៈផ្សេងៗ ។ ក្រុមហ៊ុននឹងសាកល្បងនៅខែមករា ឆ្នាំ២០២៥ ជាមួយយន្តហោះធ្វើដំណើរពីទីក្រុងប៉ារីស ទៅទីក្រុងហេលស៊ិនគិ ប្រទេសហ្វាំងឡង់ ព្រមទាំងពីទីក្រុងប៉ារីស ទៅទីក្រុងលីសប៊ន ប្រទេសព័រទុយហ្គាល់ ។
កន្លងមក ក្រុមហ៊ុនអាកាសចរណ៍នានាដែលផ្តល់ការហោះហើរតម្លៃថោកក៏បានអនុវត្តវិធានការនេះដែរ ប៉ុន្តែវាជាលើកដំបូងសម្រាប់ក្រុមហ៊ុន Air France ប្រកាសឈប់ផ្តល់អាហារជូនអ្នកដំណើរទិញសំបុត្រតម្លៃថោក ។ ហេតុនេះ ទើបមានសំណួរថា ការឈប់ផ្តល់អាហារលើយន្តហោះ តើក្រុមហ៊ុននេះនឹងបញ្ចុះតម្លៃសំបុត្រយន្តហោះដែរឬទេ? ឬគ្រាន់តែជាវិធីសាស្ត្ររកចំណូលមួយទៀត ។
រីឯការលើកឡើងថា ក្រុមហ៊ុន Air France ចង់កាត់បន្ថយកាកសំណល់អាហារលើយន្តហោះនោះ គឺកន្លងមក ក្រុមហ៊ុនធ្លាប់បានផ្លាស់ប្តូរពីស្លាបព្រា, សម និងកែវផ្លាស្ទិក ទៅជាវត្ថុឆាប់រលាយសម្រាប់អ្នកដំណើរប្រើប្រាស់លើយន្តហោះ ៕










