ប្រទេសអេស្ប៉ាញ ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បុរសអេស្ប៉ាញម្នាក់បានបង្ហោះពីមុខរបរប្លែកបំផុតក្នុងបណ្តាញសង្គម ដែលទទួលបានចំណូលយ៉ាងច្រើន ហើយថែមទាំងមានអតិថិជនកក់មុនព្រោងព្រាត ។ មុខរបរនេះ គឺទទួលអុ.កឡុក ពិធីរៀបអាពាហ៍ពិពាហ៍សម្រាប់យុវជន ឬយុវតីណាចង់ប្តូរចិត្ត ឬពុំចង់រៀបអាពាហ៍ពិពាហ៍ ប៉ុន្តែពុំហ៊ានប្រាប់គូដណ្តឹង ឬឪពុក-ម្តាយរបស់ខ្លួន ។
បុរសអេស្ប៉ាញរូបនេះនិយាយថា លោកទទួលអុកឡុកពិធីរៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកណាប្តូរចិត្តពុំរៀបអាពាហ៍ពិពាហ៍ជាមួយគូដណ្តឹងរបស់ខ្លួន ដោយលោកយកថ្លៃសេវាកម្មចំនួន៥០០អឺរ៉ូ (ឬស្មើ៥៥០ដុល្លារអាមេរិក) ។ មុខរបរនេះធ្វើឱ្យលោកអាចរកប្រាក់ចំណូលយ៉ាងច្រើនក្នុងរយៈពេលខ្លី ហើយមានអតិថិជនកក់សេវាកម្មមុនយ៉ាងច្រើន ប៉ុន្តែលោកត្រូវប្រឈមនឹងគេវាយ ឬដាល់បែកមុខ ។

បុរសអេស្ប៉ាញរៀបរាប់ថា លោកបានចាប់ផ្តើមប្រកបមុខរបរដ៏ប្លែកនេះ ក្រោយពីលោកបានបង្ហោះវីដេអូផ្សាយពាណិជ្ជកម្មតាមអនឡាញបែបចំអក និងកំប្លែង ហើយក៏មានអតិថិជនទាក់ទងមកប្រើប្រាស់សេវាកម្មយ៉ាងច្រើន ។ លោកគិតថា វាជាវិធីថ្មីមួយអាចរកចំណូលបន្ថែមទៀត ហើយលោកក៏ចាប់ផ្តើមធ្វើវាតែម្តង ។
ការងារនេះមិនពិបាកទេសម្រាប់លោក ដោយលោកគ្រាន់តែធ្វើគ្រប់វិធីសាស្ត្រ ដើម្បីឈានទៅលុបចោលពិធីរៀបអាពាហ៍ពិពាហ៍ ករណីអ្នកណាម្នាក់ពុំចង់រៀបអាពាហ៍ពិពាហ៍ ប៉ុន្តែមិនហ៊ានបដិសេធជាមួយគូដណ្តឹង ។ លោកនឹងរង់ចាំជួយមនុស្សទាំងនេះជានិច្ច ហើយលោកគ្រាន់តែសុំឱ្យអតិថិជនប្រាប់កាលបរិច្ឆេទ, ទីកន្លែង និងថ្ងៃរៀបចំពិធីឱ្យលោកបានដឹងយ៉ាងលម្អិតប៉ុណ្ណោះ គឺលោកនឹងចាត់ការឱ្យអតិថិជនសម្រេចតាមបំណង ។
លោកនឹងគិតថ្លៃសេវាកម្មដំបូងពីអតិថិជនសម្រាប់ការអុកឡុក ឬការលុបចោលពិធីរៀបអាពាហ៍ពិពាហ៍ ដោយពុំទាន់រួមបញ្ចូលទាំងថ្លៃធ្វើដំណើរ ហើយពេលការងារចប់សព្វគ្រប់ លោកនឹងយកប្រាក់គ្រប់ចំនួន ។ ក្រៅពីនេះ ករណីលោកត្រូវគេធ្វើបាបរាងកាយ ដូចជា ៖ ដាល់មុខ ឬវាយតប់ លោកនឹងគិតប្រាក់ពីអតិថិជនបន្ថែមទៀត គឺស្នាមរបួសមួយកន្លែង លោកនឹងយកប្រាក់ចំនួន៥០អឺរ៉ូ (ឬស្មើ៥៥ដុល្លារអាមេរិក) ។
បច្ចុប្បន្ន មានអតិថិជនច្រើនណាស់ទាក់ទងមកលោកជាមុន ដើម្បីឱ្យលោកធ្វើយ៉ាងណាដើម្បីឈានទៅលុបចោលពិធីអាពាហ៍ពិពាហ៍របស់ពួកគេ ។ វាធ្វើឱ្យលោករវល់យ៉ាងខ្លាំងសម្រាប់ការងារនេះ ហើយអតិថិជនបានកក់ពេញរហូតដល់ខែធ្នូ ឆ្នាំ២០២៤ ឯណោះ ៕










