ប្រទេសជប៉ុន៖ ប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះបានកំពុងប្រឈមមុខនឹងវិបត្តិធំៗចំនួន ៣ ដែលវិបត្តិទាំងនេះនឹងគំរាមកំហែងដល់សេដ្ឋកិច្ច ក៏ដូចជាប្រព័ន្ធសុខុមាលភាពរបស់សង្គម។
យោងតាមសារព័ត៌មានបរទេស Newsweek ប្រទេសជប៉ុនបានកំពុងដោះស្រាយវិបត្តិទាំងបីនេះហើយ ប៉ុន្តែមិនទាន់ជោគជ័យនោះទេ ដែលវិបត្តិធំៗទាំងនោះរួមមាន៖ ទីមួយគឺចំនួនប្រជាជនវ័យចំណាស់។ យោងតាមរបាយការណ៍របស់ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ប្រទេសជប៉ុន បច្ចុប្បន្នប្រទេសនេះមានប្រជាជនដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅរហូតដល់ ៣៦.២៥ លាននាក់ ស្មើនឹង ២៩% នៃចំនួនប្រជាជនសរុបទាំងអស់ ដែលនេះគឺជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន បើធៀបនឹងប្រទេស ឬដែនដីដទៃទៀតនៅក្នុងពិភពលោក។
ទន្ទឹមនឹងនេះ មនុស្សចាស់ជាច្រើននៅតែត្រូវធ្វើការ ដោយក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នា ចំនួនកម្មករវ័យចំណាស់បានកើនឡើង ដែលឈានដល់កម្រិតកំណត់ត្រា ៩.១៤ លាននាក់។ ទោះបីជាក្រុមហ៊ុនជប៉ុនជាច្រើនបានកំណត់អាយុចូលនិវត្តន៍ជាកាតព្វកិច្ចសម្រាប់អាយុ ៦០ ឆ្នាំក៏ដោយក៏រដ្ឋាភិបាលលើកទឹកចិត្តពួកគេឱ្យរក្សាបុគ្គលិកចាស់ៗដែលចង់បន្តការងារ។ ភាពបត់បែននេះជួយបិទគម្លាតរហូតដល់ទទួលបានប្រាក់សោធននិវត្តន៍នៅអាយុ ៦៥ ឆ្នាំ។ ប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារក៏ត្រូវបានកែសម្រួលផងដែរ ដើម្បីសម្រួលដល់កម្មករដែលមានវ័យចំណាស់។
រីឯវិបត្តិទីពីរវិញនោះគឺអត្រាកំណើតបានថយចុះ ប្រទេសជប៉ុនបានកត់ត្រាការសម្រាលកូនច្រើនជាង ៣៥០,០០០ នាក់ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ ធ្លាក់ចុះជិត ៦% បើធៀបនឹងឆ្នាំ ២០២៣ នេះមានន័យថាអាត្រាកំណើតរបស់ប្រទេសជប៉ុនបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា វាក៏ជាឆ្នាំទី ៣ ជាប់ៗគ្នាដែរ ដែលមានកំណើតតិចជាង ៤០០,០០០ នាក់ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Keizo Takemi បាននិយាយថា ស្ថានភាពនេះថាគឺកាន់តែធ្ងន់ធ្ងរហើយ ប៉ុន្តែមិនទាន់អាចដោះស្រាយចេញនោះទេ។
ជាការពិតណាស់ការថយចុះចំនួនប្រជាជន បានធ្វើឱ្យប្រទេសជប៉ុនប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើនដែលនឹងគំរាមកំហែងដល់សេដ្ឋកិច្ច ក៏ដូចជាប្រព័ន្ធសុខុមាលភាពរបស់សង្គម។ យោងតាមស្ថិតិរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅក្នុងខែកក្កដា ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះ ១៥ ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០០៩ ដល់ ២០២៤។ ទោះបីជាប្រទេសនេះមានកំណើនជនបរទេសរស់នៅក៏ដោយ ក៏ស្ថិតិបានបញ្ជាក់ថា ចំនួនប្រជាជនជប៉ុននៅតែមានអាត្រាទាប។ ដូច្នេះបច្ចុប្បន្ននេះរដ្ឋាភិបាលមិនទាន់មានដំណោះស្រាយត្រឹមត្រូវណាមួយដែលអាចដោះស្រាយបញ្ហាទាំងអស់នេះបាននោះទេ៕










