ប្រទេសកូរ៉េខាងត្បូង ៖ ស្របពេលបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងបានធ្វើឱ្យសមត្ថកិច្ចអាចចា.ប់ ខ្លួនជនល្មើ.ស មុនពេលពួកគេធ្វើសកម្មភាពទៅទៀត ។ វាដូចគ្នានឹងក្នុងខ្សែភាពយន្តដែរ ដែលយើងបានឃើញក្រុមសមត្ថកិច្ចដេញចាប់ជនល្មើ.ស ពេលទទួលព័ត៌មានតាមរយៈបច្ចេកវិទ្យាថា ជនល្មើ.ស ណាមួយចង់ធ្វើសកម្មភាព ។
ប្រទេសកូរ៉េខាងត្បូងមានគម្រោងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជូនដំណឹងពីបទល្មើ.ស ផ្សេងៗដែលបម្រុងនឹងកើតឡើង តាមរយៈការត្រួតពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាពប្រភេទ Realtime ។ ការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពភ្ជាប់បច្ចេកវិទ្យា AI ដើម្បីឱ្យសមត្ថកិច្ចអាចត្រៀមខ្លួនទប់ស្កាត់ហេតុការណ៍ជាមុន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។
វិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិក និងទូរគមនាគមន៍កូរ៉េខាងត្បូងបានបង្ហាញ «Dejaview» គឺជាប្រព័ន្ធវិភាគរូបភាពពីកាមេរ៉ាសុវត្ថិភាព ដើម្បីចាប់ការប្រព្រឹត្តបទល្មើសជាមុន ។ ប្រព័ន្ធនេះអាចវិភាគពីថ្ងៃ, ពេលវេលា, ទីកន្លែង និងសរុបព្រឹតិ្តការណ៍អតីតកាល ដើម្បីវិភាគពីគ្រោះថ្នាក់ផ្សេងៗ ។
ពេលប្រព័ន្ធវិភាគរូបភាពពីកាមេរ៉ាសុវត្ថិភាពនេះបង្ហាញពីតំបន់គ្រោះថ្នាក់ សមត្ថកិច្ចនឹងតាមដានតំបន់នេះយ៉ាងដិតដល់, ពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាព ព្រមទាំងត្រៀមកម្លាំងជាមុន ដើម្បីទប់ស្កាត់បទល្មើសទាន់ពេលវេលា ។
ប្រព័ន្ធនេះនឹងរាយការណ៍ពីបុគ្គលគ្រោះថ្នាក់ ដើម្បីឱ្យសមត្ថកិច្ចតាមដានបុគ្គលនោះថា តើពិតជាប្រព្រឹត្តបទល្មើសដែរឬទេ ។ ប្រព័ន្ធនេះនឹងវិភាគពីអត្តចរិត និងតាមដានគ្រប់សកម្មភាពបុគ្គលសង្ស័យ ហើយបើទោះជាបុគ្គលសង្ស័យស្ថិតនៅកន្លែងណាក៏ដោយ ក៏ AI នឹងតាមដានគ្រប់ពេលវេលា ។

បច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងបានបំពាក់កាមេរ៉ាសុវត្ថិភាពភ្ជាប់បច្ចេកវិទ្យា AI នៅតាមទីសាធារណៈ ដូចជា ៖ អាកាសយានដ្ឋាន, រោងចក្រថាមពល និងរោងចក្រផ្សេងៗ ហើយកូរ៉េខាងត្បូងនឹងលក់កាមេរ៉ានេះ នៅចុងឆ្នាំ២០២៥ ។.png)
ក្រៅពីកូរ៉េខាងត្បូង ប្រទេសអាហ្សង់ទីន ក៏បានបំពាក់កាមេរ៉ាសុវត្ថិភាពប្រភេទនេះដែរ ដើម្បីជូនដំណឹងពីហេតុការណ៍អាក្រក់បម្រុងកើតឡើង ហើយអាហ្សង់ទីនមិនត្រឹមតែយកព័ត៌មានពីកាមេរ៉ាសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានយកពីបណ្តាញសង្គម និងវែបសាយផងដែរ ៕










