ជារៀងរាល់ឆ្នាំ ប្រទេសនានាបានកាប់ដើមឈើប្រមាណ១ម៉ឺន៥ពាន់លានដើម ហើយមានដើមឈើប្រមាណ៤០% ឬជិត៦ពាន់លានដើម ត្រូវបានយកទៅប្រើប្រាស់ក្នុងឧស្សាហកម្មផលិតក្រដាស ។ លើសពីនេះ ស្ទើរតែគ្មានផលិតផលផ្សេងទៀតអាចប្រើប្រាស់ជំនួសក្រដាសបានទេ ដោយសារពិភពលោក បានប្រើប្រាស់ក្រដាសយ៉ាងច្រើនមហាសាលក្នុងជីវិតប្រចាំថ្ងៃ ។.png)
Releaf Paper គឺជាក្រុមហ៊ុនរបស់អ៊ុយក្រែនបានរកឃើញវិធីផលិតក្រដាសពីស្លឹកឈើជ្រុះតាមធម្មជាតិ ហើយក្រុមហ៊ុននេះអាចផ្លាស់ប្តូរស្លឹកឈើជ្រុះជាង២តោន ឱ្យក្លាយជាក្រដាសចំនួន១តោន ។ ការផលិតក្រដាសតាមវិធីថ្មីនេះមានភាពខុសប្លែកពីវិធីចាស់ ដែលត្រូវប្រើប្រាស់សាច់ឈើរហូតដល់១៧តោន ដើម្បីផលិតឱ្យបានក្រដាសក្នុងបរិមាណនេះ ។
ស្លឹកឈើជ្រុះ គឺជាបញ្ហាមួយដែលទីក្រុងនានាលើពិភពលោក កំពុងតែចាត់វិធានការ ។ ប្រទេសជាច្រើនពិបាកកម្ចាត់ស្លឹកឈើជ្រុះណាស់ ដោយសារវារលាយកើតជាផូស្វ័រ ដែលជាមូលហេតុបំផ្លាញប្រភពទឹក ។ ក្រៅពីនេះ ស្លឹកឈើងាប់បានធ្វើឱ្យស្ទះលូ និងប្រព័ន្ធបង្ហូរទឹក ហើយជាទូទៅ ស្លឹកឈើជ្រុះត្រូវបានគេយកទៅកប់ក្នុងដី ឬដុតកំទេច ដែលធ្វើឱ្យប៉ះពាល់បរិស្ថាន ។
ក្រុមហ៊ុន Releaf Paper ឱ្យដឹងថា បើគិតជាមធ្យម ទីក្រុងនីមួយៗបានកម្ចាត់ស្លឹកឈើងាប់រហូតដល់៨.០០០តោនក្នុង១ឆ្នាំ ហើយគ្រាន់តែទីក្រុងនៅអឺរ៉ុបអាចប្រមូលស្លឹកឈើងាប់រហូតដល់ជាង១លានតោនឯណោះ ។
ទីក្រុងនានានៅអឺរ៉ុបបានបញ្ជូនសំរាមស្លឹកឈើទៅកាន់រោងចក្ររបស់ក្រុមហ៊ុន Releaf Paper នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ រីឯដំណាក់កាលយកស្លឹកឈើងាប់ទៅផលិតជាក្រដាស គឺចាប់ផ្តើមពីការលាងស្លឹកឈើឱ្យស្អាត និងយកវាទៅលាយជាមួយសារធាតុជីវសាស្ត្រ ។ បន្ទាប់មក យកវាហាលថ្ងៃឱ្យស្ងួតដើម្បីផលិតជាថង់ក្រដាស សៀវភៅកត់ត្រា ឡាំងក្រដាស ក្រដាសខ្ចប់កាដូ និងផលិតផលជាច្រើនទៀត ។
ក្រុមហ៊ុន Releaf Paper បន្តថា ផលិតផលក្រដាសរបស់ពួកគេបានបញ្ចេញកាបូនឌីអុកស៊ីតរហូតដល់៨០% និងប្រើប្រាស់ទឹកតិចជាងការផលិតក្រដាសតាមវិធីចាស់រហូតដល់១៥ដង ។ ក្រដាសផលិតពីស្លឹកឈើងាប់នឹងរលាយក្នុងដីត្រឹមរយៈពេល៣០ថ្ងៃ ខណៈក្រដាសធម្មតាបានចំណាយពេលរលាយក្នុងដី រហូតដល់២៧០ថ្ងៃ ឬយូរជាងនេះ ។
ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា ពួកគេនឹងប្រមូលស្លឹកឈើជ្រុះក្នុងទីក្រុងប៉ុណ្ណោះមកផលិតជាក្រដាស ហើយពួកគេពុំយកស្លឹកឈើដែលជ្រុះក្នុងព្រៃមកផលិតជាក្រដាសទេ ដើម្បីរក្សាភាពសម្បូរបែបរបស់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ។
បច្ចុប្បន្ន ក្រុមហ៊ុនអាចផលិតថង់ក្រដាសបានជាង៣លានថង់ក្នុង១ខែ និងកែច្នៃស្លឹកឈើជ្រុះជាង៥.០០០តោនក្នុងឆ្នាំ ។ អតិថិជនរបស់ក្រុមហ៊ុន រួមមាន ៖ ធនាគារ BNP Paribas, Logitech, Samsung និងក្រុមហ៊ុនធំៗជាច្រើនទៀត ហើយក្រុមហ៊ុនមានគម្រោងបង្កើនការផលិត ដោយការបើករោងចក្របន្ថែមនៅប្រទេសផ្សេងៗ ។
នាយកក្រុមហ៊ុន Releaf Paper និយាយថា ៖ «យើងចង់ផ្សព្វផ្សាយពីវិធីផលិតក្រដាសនេះទៅកាន់ពិភពលោក ។ ចក្ខុវិស័យរបស់យើង គឺមនុស្សម្នានៅគ្រប់ទ្វីបទាំងអស់អាចប្រើប្រាស់ក្រដាសផលិតពីស្លឹកឈើងាប់» ៕










