ប្រទេសអ៊ីតាលី ៖ បច្ចេកវិទ្យា AI បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតភាពយន្តផ្សេងៗ និងមានភាពយន្តខ្លីបង្កើតដោយ AI ទទួលបានពានរង្វាន់ពីការប្រកួតប្រជែងនៅមហោស្រពភាពយន្តអន្តរជាតិ លើកទី៨១ (The 81st Venice International Film Festival) ដែលរៀបចំនៅទីក្រុង Venice ប្រទេសអ៊ីតាលី ។ ប៉ុន្តែការរីកចម្រើននៃបច្ចេកវិទ្យានេះ ធ្វើឱ្យតារាភាពយន្តបារម្ភពីការបាត់បង់ការងាររបស់ខ្លួន ។.png)
ភាពយន្តខ្លីបង្កើតដោយបច្ចេកវិទ្យា AI និងទទួលបានពានរង្វាន់ក្នុងការប្រកួត គឺរឿង «To Dear Me» ដែលរឿងនេះបង្ហាញពីជីវិតតស៊ូរបស់យុវតីម្នាក់ ដោយសារឪពុក-ម្តាយរបស់នាងចែកផ្លូវគ្នា ។ រីឯភាពយន្តខ្លីៗឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្របានបង្ហាញពីផ្លូវចិត្តរបស់មនុស្ស និងត្រូវបានជ្រើសរើសដោយគណៈកម្មការអន្តរជាតិ ក្នុងនោះមានរឿង Rob Minkoff បង្កើតឡើងដោយអ្នកដឹកនាំរឿងគំនូរជីវចលដ៏ល្បីល្បាញ «The Lion King» របស់ Disney ព្រមទាំងភាពយន្តជាច្រើនទៀត ។
អ្នកដឹកនាំរឿងនេះបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Reuters ថា ការបង្កើតភាពយន្តដោយបច្ចេកវិទ្យា AI នឹងធ្វើឱ្យយើងអាចផលិតសាច់រឿង ដែលធ្លាប់គិតថាពុំអាចទៅរួច ឱ្យវាចេញជារូបរាងបាន ។ AI ប្រៀបដូចជាឧបករណ៍ថ្មីសម្រាប់ការបង្កើតភាពយន្ត ។
ការប្រកួតប្រជែងភាពយន្តនេះរៀបចំឡើងដោយ Reply គឺជាក្រុមប្រឹក្សាអន្តរជាតិធ្វើការផ្នែក AI និងព័ត៌មានឌីជីថល ។ វាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់បច្ចេកវិទ្យាថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ។.png)
ទោះយ៉ាងណា ការបង្កើតភាពយន្តដោយបច្ចេកវិទ្យា AI ពុំទទួលបានការគាំទ្រទាំងអស់ទេ ។ លោក Filippo Rizzante អ្នករៀបចំការប្រកួតភាពយន្តនិយាយថា ពួកលោកបានព្យាយាមទាក់ទងទៅមហោស្រពភាពយន្តជុំវិញពិភពលោក ប៉ុន្តែពុំទទួលការឆ្លើយតប ដោយសារមនុស្សភាគច្រើនគិតថា បច្ចេកវិទ្យា AI គឺជាការផ្លាស់ប្តូរមួយគួរឱ្យបារម្ភ ។
បច្ចុប្បន្ន វិស័យសិល្បៈកំពុងប្រឈមនឹងបញ្ហាផលិតភាពយន្ត ដោយសារ AI អាចផលិតភាពយន្តកាន់តែច្រើន និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។ វាជាប្រធានបទមួយដ៏សំខាន់ពាក់ព័ន្ធនឹងភាពយន្តហូលីវូដកាលពីឆ្នាំ២០២៣ ផងដែរ ។ តារាភាពយន្តនិយាយថា AI បានលួចយកផ្ទៃមុខរបស់តារាភាពយន្ត និងធ្វើឱ្យពួកគេប្រឈមនឹងការបាត់បង់ការងារក្នុងវិស័យសិល្បៈ ៕










