ប្រទេសអេស្ប៉ាញ ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការស្វែងរកគូស្រករតាមវិធីថ្មីកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសអេស្ប៉ាញ ។ យុវជនអេស្ប៉ាញជាច្រើននាក់បានទៅប្រមូលផ្តុំគ្នានៅផ្សារទំនើប ព្រមទាំងបង្ហាញផ្លែម្នាស់ជាសញ្ញាសម្គាល់ថា ពួកគេចង់បានគូ ។ ប៉ុន្តែវាធ្វើឱ្យផ្សារទំនើបភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ច ។
បុគ្គលិកផ្សារទំនើបមួយកន្លែងបានរាយការណ៍ទៅសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ភាពរញ៉េរញ៉ៃក្នុងផ្សារ ដោយសារក្រុមយុវជនជាច្រើននាក់បានប្រមូលផ្តុំគ្នាពេញផ្សារទំនើប ។ ពេលសមត្ថកិច្ចមកដល់ផ្សារទំនើប ក្រុមយុវជនទាំងនេះក៏បំបែកគ្នាយ៉ាងឆាប់រហ័ស និងគ្មានអ្នកណាម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនទេ ។
ក្រុមយុវជនដែលពុំទាន់មានគូស្រករបានណាត់ជួបជុំគ្នានៅផ្សារទំនើប រួចហើយពួកគេយកផ្លែម្នាស់ដាក់ត្រឡប់ក្បាលចុះក្រោមលើកន្ត្រកអីវ៉ាន់ ឬរទេះរុញ ដើម្បីជាសញ្ញាសម្គាល់ថា ម្ចាស់ផ្លែម្នាស់កំពុងស្វែងរកគូស្រករ ។ យុវជនភាគច្រើនមកណាត់គ្នានៅកន្លែងលក់ស្រាទំពាំងបាយជូរក្នុងផ្សារទំនើប ។
បើពេញចិត្តអ្នកណាម្នាក់ គឺពួកគេគ្រាន់តែយករទេះដាក់ផ្លែម្នាស់របស់ខ្លួន ទៅបុករទេះអ្នកដែលពួកគេពេញចិត្តស្រាលៗ ។ ការបុករទេះរុញនេះដើម្បីបង្ហាញពីអារម្មណ៍ថា ពួកគេចាប់អារម្មណ៍ចង់ជជែក និងស្គាល់គ្នាជាមួយអ្នកនោះ ។ បើម្ចាស់រទេះរុញម្ខាងទៀតចង់ជជែកជាមួយដែរ ពួកគេនឹងយករទេះម្នាស់បុកទៅវិញ ហើយអ្នកទាំងពីរក៏ចាប់ផ្តើមស្គាល់គ្នា ។
ក្រៅពីផ្លែម្នាស់ ទំនិញផ្សេងៗក្នុងរទេះរុញ ក៏អាចប្រើប្រាស់ដើម្បីស្វែងរកគូស្រករបានដែរ ដូចជា ៖ បើដាក់សូកូឡា ឬនំចំណីក្នុងរទេះរុញ មានន័យថា ពួកគេកំពុងស្វែងរកគូស្រកររស់នៅជាមួយគ្នាអស់មួយជីវិត ។ ប៉ុន្តែបើពួកគេដាក់បន្លែផ្សេងៗក្នុងរទេះរុញ មានន័យថា គ្រាន់តែចង់រកដៃគូស្រឡាញ់គ្នាមួយរយៈ ។ ការទិញផ្លែម្នាស់ស្វែងរកគូនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ហាងផ្សេងៗនៅប្រទេសអេស្ប៉ាញលក់ម្នាស់អស់ពីស្តុក ។
ដោយឡែក ហាងលក់ទំនិញមួយឈ្មោះ Lidl នៅប្រទេសអាល្លឺម៉ង់ ក៏បានទាក់ទាញយុវជនឱ្យស្វែងរកគូស្រករតាមវិធីថ្មីនេះដែរ ប៉ុន្តែពួកគេប្រើប្រាស់ផ្លែឪឡឹកជំនួសម្នាស់ ។ ហាងនេះបានអញ្ជើញអតិថិជនណាដែលពុំទាន់មានគូស្រករឱ្យមកប្រមូលផ្តុំគ្នានៅហាង និងទិញឪឡឹកដាក់ក្នុងរទេះរុញដើម្បីបញ្ជាក់ថា ម្ចាស់របស់វាចង់បានគូ ៕










