យើងគ្រប់គ្នាប្រាកដជាបានឃើញនូវវីដេអូជាច្រើនទាក់ទងនឹងរបៀបរស់នៅរបស់ប្រជាជនកុលសម្ព័ន្ធ Kayan Lahwi ហើយមែនទេ? លោកអ្នកប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាកុលសម្ព័ន្ធមួយក្រុមនេះចូលចិត្តពាក់ខ្សែកច្រើនជាន់ ដែលបណ្តាលឱ្យ ក របស់ពួកគេម្នាក់ៗវែងខុសពីមនុស្សទូទៅ។ ជាការពិតណាស់ពាក្យថាកុលសម្ព័ន្ធគឺជាក្រុមមនុស្សដែលចូលចិត្តរស់នៅក្នុងព្រៃ មានទំនៀមទំលាប់ប្លែកៗ និងអាកប្បកិរិយាចម្លែកៗទៀតផង។ ដូច្នេះក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកដឹងពីមូលហេតុដែលកុលសម្ព័ន្ធ Kayan Lahwi របស់មីយ៉ាន់ម៉ាចូលចិត្តពាក់ខ្សែកច្រើនជាន់។
កុលសម្ព័ន្ធ Kayan Lahwi មានដើមកំណើតមកពីប្រទេសមីយ៉ាន់ម៉ា ចូលចិត្តតាំងលំនៅដ្ឋានលើភ្នំតាមព្រំដែនឆ្លងកាត់ពីភាគខាងជើងប្រទេសថៃ។ កុលសម្ព័ន្ធនេះគឺជាក្រុមរងនៃជនជាតិ Karenni ដែលជាក្រុមជនជាតិភាគតិចទីបេ-ភូមានៃប្រទេសមីយ៉ាន់ម៉ា។ ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៨០ ប្រជាជន Kayan ជាច្រើនបានភៀសខ្លួននៅភាគខាងជើងប្រទេសថៃ ខណៈដែលពួកគេបានគេចចេញពីជម្លោះរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាម។ ដូច្នេះបច្ចុប្បន្នកុលសម្ព័ន្ធ Kayan គឺអាចរកឃើញទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ហើយស្ត្រីត្រូវបានគេទទួលស្គាល់ច្រើនបំផុតសម្រាប់ការតុបតែងខ្លួននៅជុំវិញ ក របស់ពួកគេ។
ស្ត្រីនៃកុលសម្ព័ន្ធ Kayan តែងពាក់ស្ពាន់នៅជុំវិញ ក របស់ពួកគេជាមួយទម្ងន់ ២០ គីឡូក្រាម ដោយពួកគេចាប់ផ្តើមពាក់ខ្សែទាំងនេះចាប់ពីអាយុ ៥ ឬ ៦ ឆ្នាំមកម្លេះ ហើយបន្តពាក់ខ្សែកស្ពាន់ជាបន្តបន្ទាប់។ មូលហេតុដែលពួកគេធ្វើបែបនេះគឺដោយសារពួកគេជឿថា ការពាក់ខ្សែកច្រើនជាន់ ឬហៅថា Dzilla គឺជានិមិត្តរូបនៃភាពស្រស់ស្អាត ខ្លាំងក្លា មានអំណាច អាចការពារពួកគេពីការវាយប្រហាររបស់ខ្លា ឈ្នះអស់មារសត្រូវ និងជានិមិត្តរូបនៃទ្រព្យសម្បត្តិ។ លើសពីនេះពួកគេក៏ជឿថា ទំនៀមទំលាប់ពាក់ខ្សែកច្រើនជាន់ ក៏ទាក់ទងនឹងពពួកអាទិទេពដែលមានពណ៌នាក្នុងសាសនាកាន់ក្វាន់ និងរឿងព្រេងភូមាផងដែរ។ 
ការពាក់ Dzilla មានប្រវត្តិតាំងពីយូរយារណាស់មកហើយ ដោយបន្តរហូតមកដល់បច្ចុប្បន្ននេះ បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជុំវិញពិភពលោក។ ទោះជាយ៉ាងណា វប្បធម៌នេះហាក់ធ្លាក់ចុះបន្តិចម្តងៗដោយសារសម័យជឿនលឿន ពួកគេក៏ចាប់ផ្តើមផ្លាស់ប្តូររបៀបរស់នៅឱ្យទាន់នឹងសង្គមផងដែរ៕










