នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត,រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីពេទ្យកាល់ម៉ែត។
គម្រោងនេះ ត្រូបានរាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបចំនួន ៦២ ៤១៥៦០០ដុល្លារ ដែលប្រើប្រាស់ថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចូលរួមបរិច្ចាគ និងសម្តេចបានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក “បរិច្ចាគដើម្បីជីវិតមនុស្ស” រួមនឹងថវិកាស្វយ័តសន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។
ការសាងសង់អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង គឺជាគម្រោងទី១ ក្នុងប្រវត្តិសាស្ត្រនៃវេជ្ជសាស្រ្តកម្ពុជា ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត។
អគារនេះនឹងបំពាក់ដោយម៉ាស៊ីនស៊ីក្លូត្រុងទំនើបថ្មីមួយ ដែលអាចផលិតឱសថវិទ្យុសកម្មប្រើប្រាស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ ជំងឺឆ្លង និងជំងឺផ្សេងដទៃជាច្រើនទៀត តាមបច្ចេកទេសវេជ្ជសាស្រ្តនុយក្លេអ៊ែរទំនើប ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នានានៅលើសកលលោក៕










