វៀតណាម៖ គិតត្រឹមល្ងាចថ្ងៃទី ១២ ខែកញ្ញា នេះ ចំនួនជនរងគ្រោះនៅក្នងគ្រោះធម្មជាតិព្យុះទីហ្វុង បានស្លាប់ និងបាត់ខ្លួន មានចំនួនកើនដល់ ៣៣០នាក់ហើយ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងទំនប់វារីអគ្គិសនី និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម ចេញផ្សាយដោយសារព័ត៌មាន vietnamplus កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤។
យោងតាមរបាយការណ៍ខាងលើបានបង្ហាញថា ក្នុងចំណោមជនរងគ្រោះទាំង ៣៣០នាក់នោះមាន ២២៦នាក់ស្លាប់ និង ១០៤នាក់បាត់ខ្លួន ។
ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះដែរ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ថ្នាក់ដឹកនាំបក្ស និងរដ្ឋសភាបានចុះពិនិត្យដោយផ្ទាល់ ដើម្បីដោះស្រាយភ្លាម
ៗទៅនឹងបញ្ហាកំពុងប្រឈមដូចជា ទឹកជំនន់ និងបាក់ដី ជាដើម ។
ជាមួយគ្នានេះដែរ ក៏មានរដ្ឋាភិបាល និងអង្គការអន្តរជាតិជាច្រើន បានចូលរួមចំណែកជួយដល់រដ្ឋាភិបាលវៀតណាម ដែលកំពុងប្រឈមមុខនឹងគ្រោះធម្មជាតិ ព្យុះទីហ្វុងដ៏កំណាចមួយនេះ មានដូចជា រដ្ឋាភិបាលអូស្ត្រាលី, រដ្ឋាភិបាលជប៉ុន, រដ្ឋាភិបាលកូរ៉េខាងត្បូង, មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ៕

ដោយ៖ KS ប្រភព៖ vietnamplus
		
	









