ប្រទេសវៀតណាម៖ បន្ទាប់ពីរងឥទ្ធិពលនៃខ្យល់ព្យុះយ៉ាហ្គី តំបន់ជាច្រើននៅក្នុងប្រទេសវៀតណាមបានលិចលង់ក្នុងទឹកជំនន់ បណ្តាលឱ្យទំនិញគ្រប់ប្រភេទខូចខាតយ៉ាងធ្ងន់ធ្ងរ ជាហេតុធ្វើឱ្យតម្លៃកើនឡើងទ្វេដង។.png)
យោងតាមកាសែតអេឡិចត្រូនិក VTC News បានឱ្យដឹងថា តម្លៃបន្លែបៃតងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ថ្មីៗនេះ នៅតាមផ្សាររបស់ប្រជាពលរដ្ឋជាច្រើនបានកើនឡើងយ៉ាងខ្លាំង ហើយមិនសូវមានទំនិញសម្រាប់លក់ដូចមុននោះទេ។ សព្វថ្ងៃបន្លែគឺមានការខ្វះខាតយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ដោយសារតំបន់ជាច្រើនត្រូវបានជន់លិច ហើយបន្លែត្រូវបានខូចខាត ធ្វើឱ្យការផ្គត់ផ្គង់ខ្វះខាត ជំរុញឱ្យតម្លៃកើនឡើងខ្ពស់មិនធ្លាប់មាន។
.png)
យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បន្លែដែលថ្លៃបំផុតគឺបន្លែឆៅ និងឱសថ។ មិនត្រឹមតែបន្លែឆៅ និងឱសថឡើងថ្លៃខ្លាំងប៉ុណ្ណោះទេ សូម្បីទំនិញគ្រប់ប្រភេទដូចជា សាច់ អង្ករ ស៊ុត ក៏ឡើងថ្លៃខ្លាំងផងដែរ និយាយរួមទៅ អ្វីៗនៅទីនេះបច្ចុប្បន្នគឺសុទ្ធតែឡើងថ្លៃទាំងអស់។ អាជីវករតូចមួយនៅផ្សារ Nam Du ស្រុក Hoang Mai បាននិយាយថា រយៈពេលពីរថ្ងៃកន្លងមកនេះ គាត់មិនអាចទិញឱសថទៅលក់បានទេ ដោយសារទីផ្សារលក់ដុំខ្វះខាត ហើយតម្លៃក៏ខ្ពស់ផងដែរ។ លើសពីនេះទំនិញផ្សេងៗដែលធ្លាប់តែមានតម្លៃថោកសមរម្យក៏បានកើនឡើងតម្លៃទ្វេដងដែរ។
បច្ចុប្បន្នទីផ្សាររបស់វៀតណាមកំពុងជួបការលំបាកខ្លាំងដោយសារឥទ្ធិពលនៃខ្យល់ព្យុះយ៉ាហ្គី។ ប្រទេសវៀតណាមថ្មីៗនេះក៏បានប្រកាសបិទសាលាមួយរយៈដោយប្តូរមករៀនតាមអនឡាញវិញ ដោយសារហេតុផលភ្លៀង និងទឹកជំនន់កម្រិតខ្ពស់។ ទន្ទឹមនឹងនោះ អាជីវកម្មដូចជាសណ្ឋាគារ ភោជនីយដ្ឋាន ក៏បានបិទទ្វារមិនទទួលភ្ញៀវមួយរយៈ ដោយសារហេតុផលដូចគ្នា។ ខ្យល់ព្យុះយ៉ាហ្គីបានបំផ្លាញព្រៃឈើធម្មជាតិ និងរុក្ខជាតិចំនួន ១ លានហិកតានៅក្នុងប្រទេសវៀតណាម ហើយស្រូវ ១០ ម៉ឺនហិកតាក៏ត្រូវទឹកលិចផងដែរ។ ផ្ទះនីមួយៗរបស់ប្រជាពលរដ្ឋបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសមនុស្សជាច្រើនក៏បានបាត់បង់ជីវិត និងរងរបួសទៀតផងក្នុងហេតុការណ៍នេះ។.png)
ទោះជាយ៉ាងណាបច្ចុប្បន្នរដ្ឋាភិបាលបានកំពុងរៀបចំផែនការ និងដោះស្រាយបញ្ហាលំបាករបស់ប្រជាជន ក៏ដូចជាផ្តល់ការគាំទ្រ ដើម្បីឱ្យសិស្សានុសិស្សបានទៅសាលារៀនឡើងវិញ រួមទាំងស្តារលំនៅដ្ឋានជូនប្រជាពលរដ្ឋឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ គួរបញ្ជាក់ដែរថា គិតត្រឹមល្ងាចថ្ងៃទី៩ ខែកញ្ញា ព្យុះនេះបានបណ្តាលឱ្យមនុស្ស ៦៥ នាក់ស្លាប់ និង ៣៩ នាក់បាត់ខ្លួន ហើយមនុស្សប្រហែល ២៥០ នាក់បានរងរបួស រីឯផ្ទះជាង ៨,០០០ ត្រូវបានខូចខាត ទូករាប់សិបបានលិច ហើយប្រព័ន្ធអគ្គិសនីមានបញ្ហាទូទាំង ១៥ រាជធានី-ខេត្ត ក៏ដូចជាគ្មានអគ្គិសនីប្រើប្រាស់ជាដើម៕










