្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសវៀតណាមកំពុងសិក្សាពីអត្ថប្រយោជន៍ពិសេសផ្សេងៗ ដើម្បីទាក់ទាញវិនិយោគិនបរទេសផ្នែកផលិត Semiconductor, បច្ចេកវិទ្យា AI និងថាមពលបៃតង ។
ក្រៅពីនេះ ប្រទេសនាំមុខផ្នែកផលិតប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ បានព្យាយាមទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក្រោយពីវិនិយោគិនដកខ្លួនចេញពីចិន ។

វៀតណាម គឺជាប្រទេសមួយទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការដកខ្លួនរបស់វិនិយោគិនបរទេសចេញពីប្រទេសចិន ដោយសារក្រុមហ៊ុនជាច្រើនព្យាយាមការពារខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឱ្យរួចផុតពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ដែលកាន់តែធ្ងន់ធ្ងរឡើង ។
បច្ចុប្បន្ន វៀតណាមបានក្លាយជាមជ្ឈមណ្ឌលការផលិតដ៏សំខាន់របស់ក្រុមហ៊ុនជាច្រើន ដូចជា ៖ ក្រុមហ៊ុន Samsung និង Foxconn ប៉ុន្តែវៀតណាមនៅតែមានឧបសគ្គក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស ផ្នែកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុននានាយល់ឃើញថា វិនិយោគិនបរទេសប្រឈមនឹងបញ្ហាកង្វះខាតកម្លាំងពលកម្មមានជំនាញ ហើយពួកគេបារម្ភពីស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅប្រទេសវៀតណាម ។ ក្រៅពីនេះ វៀតណាមប្រឈមនឹងការប្រកួតប្រជែងផ្នែកវិនិយោគបច្ចេកវិទ្យាជាមួយប្រទេសផ្សេងក្នុងតំបន់ផងដែរ ដូចជា ៖ ម៉ាឡេស៊ី ។
លោក Do Nhat Hoang នាយកភ្នាក់ងារការវិនិយោគពីបរទេស (Vietnam’s Foreign Investment Agency) ស្ថិតនៅក្រោមក្រសួងផែនការ និងវិនិយោគ និយាយថា វៀតណាមកំពុងពិចារណាផ្តល់នូវអត្ថប្រយោជន៍ពិសេសៗពាក់ព័ន្ធនឹងការថ្លៃជួលដីធ្លី, ពន្ធសាជីវកម្ម និងពន្ធនាំចូល-នាំចេញទំនិញ ។
លោកបន្តថា រដ្ឋាភិបាលវៀតណាមមានគម្រោងបង្កើតមូលនិធិជំរុញការវិនិយោគ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ ឬផ្តល់អត្ថប្រយោជន៍ដើមទុនដល់ក្រុមហ៊ុននានា ដែលគ្រោងវិនិយោគផ្នែកបច្ចេកវិទ្យាខ្ពស់ដើម្បីទូទាត់ជាមួយអត្រាពន្ធខ្ពស់ ៕










